(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនដល់ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងក្រុមប្រឹក្សា ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានជម្រាបជូនពីសភាពការណ៍វិវឌ្ឍរួមនៅទូទាំងស្រុក មានដំណើរការទៅយ៉ាងល្អ ក្នុងនោះអាជ្ញាធរដែនដី បានពង្រឹងការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមានកិច្ចសហការល្អពីក្រុមការងារថ្នាក់កណ្តាល បានចុះជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ស្រុកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។ កិច្ចការងារសំខាន់នេះដែរ គឺអាជ្ញាធរឃុំ ស្រុក នឹងបន្តពន្លឿនការងារអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឆ្លៀងក្នុងឱកាសនោះ អាជ្ញាធរដែនដីស្រុកកោះសូទិនទាំងមូល សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី រួមទាំងក្រុមការងារទាំងអស់ ដែលបានជួយដល់ដំណើរការអភិវឌ្ឍ ភូមិ ឃុំ ស្រុកឲ្យមានការរីកចម្រើន ហើយក៏បានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ខៀវ កាញារីទ្ធ ដែលបានចុះមកជួយពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កាលពីពេលថ្មីកន្លងមកនេះ។

បន្ទាប់ពីលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន ធ្វើរបាយការណ៍ពីការចំណាយនានា ក្នុងការចូលរួមដល់ការអភិវឌ្ឍមូលដ្ឋាន ស្រុកកោះសូទិនរួចមក លោកឈិត គឹមយាត បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលស្រុកកោះសូទិន សម្រេចបាន គឺដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ អ្វីដែលសំខាន់ថែមទៀតនោះ ត្រូវបន្តសាមគ្គីភាពរឹងមាំ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនជាតិ មាតុភូមិ កាន់តែរីកចម្រើនបន្តទៅមុខទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ទូទាំង ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍លទ្ធផលការងារបានយ៉ាងល្អប្រសើរ។

ដូច្នេះអ្វីដែលសំខាន់សម្រាប់អាជ្ញាធរដែនដី ធ្វើបន្តគឺចាំឲ្យច្បាស់នូវការលើកឡើងរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវអនុសាសន៍សង្កត់ធ្ងន់ទៅកាន់ «មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់, មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ» ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ ខិតខំដោះស្រាយជូនប្រជាពលរដ្ឋ, សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថា មានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់។ ទន្ទឹមនេះត្រូវចាំប្រសាសន៍សម្តេចចំណុច អាត់បី បូក១ មានន័យថា មេឃុំ មេប៉ុស្តិ៍ ស្មៀន បូកមណ្ឌលសុខភាព គឺជាអ្នកកំណត់ការងារក្នុងមូលដ្ឋាន។

លោករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់អាណត្តិទី៧ រាជរដ្ឋាភិបាលថ្មី គឺថ្នាក់ដឹកនាំជាយុវជន ដែលប្រកបទៅដោយចំណេះដឹង ថាមពល និងសមត្ថភាពខ្ពស់ ក្នុងការដឹកនាំប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ចុងបញ្ចប់ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី នៅក្នុងស្រុកកោះសូទិន ដែលមានស្នាដៃល្អ ក្នុងបំពេញកិច្ចការងារក្នុងរយៈពេលកន្លងមក សរុបចំនួន៦០រូប៕