(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឲ្យបានជ្រាបថា កាលបរិច្ឆេទនៃការ អនុគ្រោះទទួលការបង់ពន្ធអាករ កាន់តែឈានជិតដល់ថ្ងៃកំណត់ សូមម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទ និងការបង់ពន្ធបង្គ្រប់បន្ទាប់ពីការកក់ប្រាក់ពន្ធ២០% ប្រញាប់ប្រញាល់ចូលមកបង់ពន្ធជូនរដ្ឋ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ ចេញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា៖
* សម្រាប់រថយន្តចង្កូតឆ្វេង និងយានយន្តផ្សេងទៀតគ្រប់ប្រភេទ៖ ដំណាក់កាលអនុគ្រោះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ហើយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ នឹងឈានដល់ដំណាក់កាលនៃប្រតិបត្តិការបង្ក្រាប។
* សម្រាប់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ២០%រួចហើយ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ គឺជាកាលបរិច្ឆេទចុងក្រោយនៃការទទួលការបង់ពន្ធបង្រ្គប់ ដោយពុំមានការពន្យាពេលបន្តទៀតទេ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទនឹងយកចិត្តទុកដាក់ រូតរះបង់ពន្ធបង្គ្រប់ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យមានការកកស្ទះជាយថាហេតុនាថ្ងៃឱសានវាទ។ ការខកខនក្នុងការបំពេញកាតព្វកិច្ចពន្ធ ក្រោយកាលបរិច្ឆេទ ឱសានវាទខាងលើ នឹងត្រូវទទួលរងនូវវិធានការបង្ក្រាបដោយម៉ឺងម៉ាត់ និងទូលំទូលាយនៅទូទាំងប្រទេស តាមបទប្បញ្ញត្តិជាធរមាន ដោយពុំមានការរើសអើងឡើយ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖