(ភ្នំពេញ)៖ លោក ចាន់ តូ មន្ត្រីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូមទាំងមន្ត្រីជំនាញនៃក្រសួងអប់រំយុវជននិងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន០៨នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានមេគង្គ (Mekong Institute) នៅខេត្តខនកេន ប្រទេសថៃ។

វគ្គបណ្តុះបណ្តាល បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ រួមជាមួយបណ្តាសិក្ខាកាមមកពីបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គផ្សេងៗទៀតដូចជា៖ ឡាវ, ភូមា, ថៃ និងវៀតណាម ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបិតិ្តការណ៍មេគង្គ-កូរ៉េ (Mekong-Korea Cooperation Fun)។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើការកំណត់ជ្រើសរើសយកគម្រោងអាទិភាពមានសក្តានុពល ដែលអាចរួមចំណែកដល់ការអភិវឌ្ឍដល់បណ្តាប្រទេសទាំងប្រាំ ក្នុងអនុតំបន់ទន្លេមេគង្គដូចជា៖ កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ មូលនិធិនេះ ផ្តល់អាទិភាពលើវិស័យចំនួន០៧ រូមមាន៖ វប្បធម៌ និងទេសចរណ៍(Culture and Tourism), ការអភិវឌ្ឍធនធានមនុស្ស (Human Resources Development), កសិកម្មនិងអភិវឌ្ឍន៍ជនបទ (Agriculture and Rural Development), ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure), បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង(Information and Communication Technology) បរិដ្ឋាន(Environment) និងការប្រឈមទៅនឹងសុខមាលភាពសង្គម(Non-traditional Security Challenges)៕