(ព្រះវិហារ)៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានអាជ្ញាធរស្រុក ឃុំ និងជំនាញពេទ្យឆ្មបមណ្ឌលសុខភាព ជួយសង្រ្គោះបានទាន់ពេលវេលា។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩៖០០យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះថា មុនពេលកើតហេតុម៉ោងប្រហែល ៨៖០០នាទីយប់ ស្ត្រីខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនមកមណ្ឌលសុខភាព ដើម្បីសម្រាលកូន។ លុះធ្វើដំណើរតាមផ្លូវហួសពីផ្ទះប្រមាណ១គីឡូម៉ែត្រ ស្ត្រីខាងលើចាប់ផ្តើមឈឺពោះខ្លាំង សម្រាលកូនតែម្តង។
ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីស្ត្រីឈឺពោះឆ្លងទន្លេតាមផ្លូវ លោកក៏បានណែនាំអភិបាលរងស្រុកម្នាក់ចុះទៅពិនិត្យ និងឱ្យយករថយន្តសង្រ្គោះបន្ទាន់ និងពេទ្យឆ្មបទៅធ្វើការសង្គ្រោះ និងដឹកយកមកមណ្ឌលសុខភាព រហូតមកដល់ម៉ោងនេះទាំងម្តាយ និងកូនប្រុសដែលទើបសម្រាលមានសុខភាពល្អធម្មតា ក្រោមការយកចិត្តទុកដាក់ពីពេទ្យឆ្មប។
លោក ហោ ប៊ុនហួរ បានឱ្យដឹងទៀតថា ស្ត្រីដែលសម្រាលកូនតាមផ្លូវមានឈ្មោះ ឈឿន ក្រិច អាយុ២៨ឆ្នាំ រស់នៅភូមិកេរ្តិ៍ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ហើយកូនដែលសម្រាលតាមផ្លូវជាកូនដំបូង បច្ចុប្បន្នស្ត្រីខាងលើកំពុងសម្រាកនៅមណ្ឌលសុខភាពរវៀង ឃុំរបៀប។
លោកថា ករណីដែលស្ត្រីរូបនេះឈឺពោះឆ្លងទន្លេតាមផ្លូវ គឺបណ្តាលមកពីការធ្វេសប្រហែស ដោយមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ព្រោះពេលដែលយើងទៅពិនិត្យផ្ទៃពោះប្រចាំខែមុនសម្រាល គ្រូពេទ្យបានប្រាប់យើងពីថ្ងៃ ខែ ឆ្នាំ ត្រូវសម្រាលយ៉ាងច្បាស់លាល់។
លោកអភិបាលស្រុកក៏បានថ្លែងអំពាវនាវ ដល់ក្រុមគ្រួសារ ដែលមានសមាជិកត្រូវសម្រាលកូន ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ ពិសេសត្រូវបញ្ជូនស្ត្រីដែលត្រូវសម្រាលកូន មកសម្រាកនៅមន្ទីរពេទ្យ ឬមណ្ឌុលសុខភាពឱ្យបានមុនឈឺពោះសម្រាល មិនមែនទាល់តែឈឺពោះខ្លាំងត្រូវសម្រាលទើបរូតរះបញ្ជូនមកនោះទ ដែលករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយនិងកូន ឬអាចប៉ះពាល់ដល់អាយុជីវិតក៏អាចថាបាន៕