(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដោយឥតគិតថ្លៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាពបាវិត។
លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឡោ គឹមសុង និងលោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានចំណាយពេលវេលា ព្រមទាំងធនធានផ្ទាល់ខ្លួនចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសទទួលបាននូវការយកចិត្តទុកខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាងស្មើភាពគ្នា និងនៅគ្រប់ទីកន្លែងពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទទួលបាននូវជីវភាពរស់នៅមួយកាន់តែប្រសើរឡើង និងភាពសុខសាន្តផងដែរ។
លោកបានបន្តទៀត រយៈពេលពីរបីថ្ងៃខាងមុខនេះ រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលកេរមរតកជាប្រវត្តិសាស្រ្តពីសម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការពារកសាងជាតិមាតុភូមិកម្ពុជា ក៏ដូចជាបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនប្រទេសជាតិ ក្នុងនោះការថែទាំនូវសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
លោកទេសរដ្ឋមន្រ្តីបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងថែទាំសុខភាពដោយខ្លួនឯងនៅតាមផ្ទះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រសើរឡើង។ ក្រោយពីទទួលបានការពិនិត្យជំងឺពីក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ប្រកបដោយយកចិត្តទុកដាក់ប្រជាពលរដ្ឋបានទទួលនូវការណែនាំសុខភាព និងថ្នាំពេទ្យសម្រាប់លេបពេលចេញទៅផ្ទះវិញ ផងដែរ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបាននាំយកនូវអំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគលជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន២០០នាក់ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕