(តាកែវ)៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ បានបង្ហាញជំនឿចិត្តសូមឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្រ្តីថ្មីបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ដឹកនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី៧ ឆ្នាំ២០២៣ ដឹកនាំដោយលោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
លោក អ៊ុក សំនៀង បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ដើម្បីធានាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងមូលដ្ឋាន។
លោកបន្តថា លទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧កន្លងមកនេះ ឃើញថា ក្នុងមូលដ្ឋានឃុំជ័យជោគរបស់បក្សទទួលបានជោគជ័យគួរជាទីមោទនៈរហូតទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងស្រុកបុរីជលសា និងលេខ៦ ទូទាំងខេត្តតាកែវ ដែលមាន១០០ឃុំ-សង្កាត់។ នេះជាសក្ខីភាពមួយបង្ហាញពីការស្រលាញ់ និងជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុក សំនៀង បានបញ្ជាក់ថា គណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបានដាក់ចេញគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍជាតិអោយមានការរីកចម្រើន និងជួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅថ្ងៃទី២២ ខែសីហាខាងមុខនេះរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ និងត្រូវបានប្រកាសជាផ្លូវការ ដែលតែងតាំង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្រ្តីថ្មីបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ដឹកនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដាក់ចេញ៕