(កំពង់ធំ)៖ អាជ្ញាធរស្រុកតាំងគោក វត្តគុហនគរ និងប្រជាពលរដ្ឋបានចែករំលែកជួយគ្នាក្នុងការកសាងផ្លូវក្រាលបេតុង១ខ្សែ ប្រវែង១,៤៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់១៥សង់ទីម៉ែត្រ ជាផ្លូវដែលសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់វិស័យទេសចរណ៍មូលដ្ឋាន ព្រោះជាផ្លូវដែលនាំភ្ញៀវទេសចរពីផ្លូវជាតិលេខ៦ឆ្ពោះទៅប្រាសាទគុហនគរ ដែលស្ថិតនៅក្នុងវត្តគុហនគរ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា បន្ទាប់សាងសង់ផ្លូវខាងលើនេះរួចហើយ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុក គណៈកម្មការវត្តគុហនគរ និងប្រជាពលរដ្ឋបានសហការគ្នាដាំដើមកូនក្ងោក និងដាក់អំពូលសូឡានៅតាមដងផ្លូវប្រវែង១,៤៦០ម៉ែត្រនេះ ក្នុងនោះមានដើមក្ងោក៣៥០ដើម និងដាក់បង្គោលអំពូលសូឡា៦៥ដើម។
ព្រះតេជគុណ តន់ ពិសី ព្រះចៅអធិការវត្តគុហនគរ មានសង្ឃដីកាថា ការរៀបចំដាំដើមកូនក្ងោក និងដាក់អំពូលសូឡានេះ ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយងាយស្រួលក្នុងការធ្វើដំណើរឱ្យមានភាពល្អប្រសើរជាងមុន ហើយមួយទៀតក៏បានចូលរួមកាត់បន្ថយកម្ដៅ ការពារបរិស្ថាន បង្កើនសោភ័ណភាពកាន់តែប្រសើរ។
អាជ្ញាធរឃុំពង្រមានការកោតសរសើរចំពោះទឹកចិត្តប្រជាពលរដ្ឋនៅតាមដងផ្លូវខាងលើ ដែលបានចូលរួមលះបង់ជារបង ជាដីធ្លី ជាថវិកា ដើម្បីរួមចំណែកពង្រីកផ្លូវឱ្យកាន់តែទូលាយជាងមុន។
លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះគឺជាផ្លូវជំរុញសេដ្ឋកិច្ចមូលដ្ឋាន ព្រោះក្រៅពីផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូនកសិផលបានស្រួលហើយ ផ្លូវនេះក៏ជួយតភ្ជាប់ខ្សែទស្សនាចររបស់ភ្ញៀវទេសចរពីផ្លូវជាតិលេខ៦ ចូលទៅទស្សនាប្រាសាទគុហនគរ ដែលជាប្រាសាទបុរាណតាំងពីសតវត្សទី១១ផងដែរ៕