(ព្រះសីហនុ)៖ ភ្លុកដំរីដែលជាទំនិញហាមឃាត់ចំនួន៤១កំណាត់ និង៨៧ដើម ស្មើនិង៦១៣,៣០គីឡូក្រាម ដែលឈ្មួញលួចបង្កប់លាក់ ជាមួយទំនិញគ្រាប់ពោត ក្នុងទូកុងតឺន័រមួយគ្រឿង ត្រូវបានសមត្ថកិច្ច ចំរុះបើកត្រួតពិនិត្យ និងដកហូតនៅវេលា ថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការចុះត្រួតពិនិត្យទូកុងតឺន័រខាងលើនេះ បានធ្វើឡើងនៅឃ្លាំងលេខ៥ ក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដឹកនាំដោយតំណាងអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុ បន្ទាប់ពីរង់ចាំម្ចាស់មិនឃើញចូលមកបង្ហាញ ខ្លួនជាច្រើន ឆ្នាំមកហើយ។

ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោក គិន លី ប្រធានស្នាក់ការគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងបញ្ជាក់ថា បន្ទាប់ពី សមត្ថកិច្ចរបស់ លោកបានធ្វើការ ស្ទាក់ចាប់បានភ្លុកដំរីកាលពីលើកទី១ ក្នុងឆ្នាំ២០១៤ ដែលកាលនោះមានភ្លុកដំរីរហូតដល់ជាង៣តោន ដែលឈ្មួញបង្កប់លាក់ ក្នុងទូកុងតឺនរ័ជាមួយគ្រាប់សណ្តែក ធ្វើឲ្យម្ចាស់ភ្លុកដំរីនេះដឹងខ្លួន ហើយក៏បោះបង់ភ្លុកដំរីអស់ទាំងនេះតែម្តង។ លោក គិន លី បានបញ្ជាក់ថា ភ្លុកដំរីអស់ទាំងនេះ នាំចូលមកពីប្រទេស ម៉ូហ្សំប៊ិច (MOZAMBIQUE) ក្នុងទ្វីបអាហ្វ្រិក ហើយមុនមកដល់កំពង់ផែយើងកុងទឺន័រនេះបានឆ្លងកាត់កំពង់ផែប្រទេសម៉ាឡេស៊ីរួចមកហើយ។

ចំពោះគោលដៅចុងក្រោយនៃភ្លុកដំរីនេះ លោក គិន លី បានបង្ហាញគំនិតសុទិដ្ឋិនិយមថា មិនមែនជាគោលដៅនៃទីផ្សារប្រទេសកម្ពុជាយើងឡើយ ព្រោះតាមកំរិតនៃជីវភាពប្រជាជនខ្មែរ មិនមានលទ្ធភាពយកវត្ថុទាំងនេះ មកតាំងលំអរឬប្រើប្រាស់ទេ ហើយគោលដៅទៅប្រទេសណានោះ លោកមិនបានដឹងទេ។

លោក គិន លី ក៏បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន BTM TRADE CONSTRUCTIONS CO.,LTD មានទីតាំងនៅទីក្រុងតាខ្មៅ ជាអ្នកជាប់ពាក់ព័ន្ធក្នុងការនាំភ្លុកដំរី ពីទ្វីបអាហ្វ្រិក ឆ្ពោះទៅប្រទេសទីបី ហើយលទ្ធភាពនេះទុក ឲ្យសមត្ថកិច្ចតុលាការជាអ្នកធ្វើការស្រាវជ្រាវចុះ ហើយស្ថាប័នគយគ្រាន់តែជាដើមបណ្តឹងតែប៉ុណ្ណោះ។

ចំពោះចំណាត់ការ បន្ទាប់សមត្ថកិច្ចគយ នឹងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តដើម្បី បន្តនីតិវិធីតាមផ្លូវច្បាប់និងស្វែងរកម្ចាស់ទំនិញឬអ្នកពាក់ព័ន្ធមកផ្តន្ទាទោស។ ក្នុងករណីនេះដែរលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញាររង នៃសាលាដំបូងខេត្តព្រះសីហនុ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទកាសែតនេះដែរ បានថ្លែងឲ្យដឹងថា ការជួញដូរភ្លុកដំរីនេះត្រូវផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែត្រូវរង់ចាំតំណាងអយ្យការធ្វើការស៊ើបអង្កេតសិន ថាតើយើងអាចកំណត់ធាតុផ្សំបទល្មើសណាបាន ដើម្បីធ្វើការចោទប្រកាន់។ ទោះបីជាយ៉ាងនេះក្តីលោក លឹម ប៊ុនហេង បានឲ្យដឹងថា ការបើកទូកុងតឺន័រនេះ គឺជាភស្តុតាងមួយសំខាន់រួចហើយ ព្រមទាំងមានឯកសារនាំចូលមានបញ្ជាក់ទៀ តពីអាស័យដ្ឋាននៃអ្នកនាំចូល ដែលនាំឲ្យការស៊ើបអង្កេតអាចស្វែងរក ម្ចាស់ពិតប្រាកដដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕