(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថា ប្រជាពលរដ្ឋ១២៧នាក់ ចេញមុខតវ៉ាចោទប្រកាន់ថា សកម្មជន គណបក្សសង្រ្គោះជាតិបានបោក​ប្រាស់ពួកគេ​ឱ្យផ្តិតមេដៃ​ដើម្បីទទួលបានជំនួយ ប៉ុន្តែយកទៅបម្រើហេតុផល នយោបាយ។

ការបញ្ជាក់របស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលការធ្វើកោសលវិច្ច័យ តាមរយៈញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលដាក់ថ្វាយ​ព្រះមហាក្សត្រនាពេលកន្លងទៅ នៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។

នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបន្តឲ្យដឹងថា សកម្មជនគណបក្សសង្រ្គោះជាតិ ២៥១នាក់ ត្រូវបានហៅមកធ្វើកំណត់ហេតុ រឿងដើរបោកប្រាស់ ប្រជាពលរដ្ឋឱ្យផ្តិតមេដៃលើញត្តិ ។ ចំណែកមួយទៀត ករណីញត្តិថ្វាយព្រះមហាក្សត្រនេះ ក៏មានករណីមនុស្សម្នាក់ផ្តិតម្រាមដៃរបស់ខ្លួនដល់៧ម្រាមដៃ។ បន្ថែមពីលើនេះលោក ខៀវ សុភ័គ បានបញ្ជាក់ទៀតថា មានស្នាមម្រាមដៃខ្លះ ផ្តិតលើញត្តិ (ឈ្មោះផ្សេងៗ) រហូតដល់ចំនួន ៨៨ដងឯណោះ, លោក ខៀវ សុភ័គ ថា គណបក្សសង្រ្គោះជាតិ មានបំណងមិនល្អ ក្នុងការនាំមនុស្សមកឈរនៅមុខព្រះបរមរាជវាំង។

គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានធ្វើកោសលវិច្ច័យលើស្នាមមេដៃ៦ម៉ឺន ក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន របស់គណបក្ស សង្រ្គោះជាតិ ដោយក្នុងនោះរកឃើញថា អត់អាស័យដ្ឋានសោះ ២៦៩៥៣នាក់, មានឈ្មោះ គ្មានស្នាមេដៃ១៨៨ ញត្តិ និង៩មានស្នាមមេដៃ តែអត់ឈ្មោះ។ ស្នាមមេដៃទាំងអស់នោះ មានតែ២១រាជធានីខេត្តក្រុង ប៉ុណ្ណោះ អត់ខេត្តចំនួន៤គឺ៖ ពោធិ៍សាត់, កោះកុង, ក្រចេះ និងឧត្តរមានជ័យ។

ជាការឆ្លើយតប លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា លោក ពិតជាមានការ សោកស្តាយណាស់ ដែលឃើញក្រសួងមហាផ្ទៃ ចំណាយថវិកា និងចំណាយកម្លាំងធ្វើការ ដោយឥតប្រយោជន៍ ពីព្រោះធម្មតា ការងាររបស់ក្រសួងមហាផ្ទៃ មិនត្រូវពិនិត្យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋឡើយ គឺធម្មតាមានតែការពិនិត្យ​លើខ្លឹមសារនៃញត្តិ។ លោកបន្តថា ក្រសួងមហាផ្ទៃ គួរតែធ្វើកិច្ចការដែលគេគាំទ្រ និងឲ្យតម្លៃ ដូចករណី ឃាតកម្ម​លោក កែម​ឡីវិញ ទើបបានគេឲ្យតម្លាជាង។

លោក អេង ឆៃអ៊ាង បានបន្តអះអាងថា គណបក្សសង្រ្គោះជាតិ និងទទួលយកលទ្ធផលដែលក្រសួងម​ហាផ្ទៃ បានបង្ហាញ ប្រសិនបើអនុញ្ញាតឲ្យ គណបក្សសង្រ្គោះជាតិ ចុះទៅត្រួតពិនិត្យការងារធ្វើ កោសលវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋដែរ មិនមានធ្វើការងារតែឯង គ្មានភាគីណាមួយបាន ដឹងលឺនោះទេ។ ដូច្នេះគណបក្សសង្រ្គោះជាតិ គឺមិនទទួលយកលទ្ធផលនោះឡើយ។

យ៉ាងណាក៏ដោយ បញ្ជាក់នៅក្នុងសន្និសីទដដែលនោះ នាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់បន្ថែមទៀតថា ក្រសួងមហាផ្ទៃ នឹងចាត់ឲ្យអគ្គស្នងការ នគរបាលជាតិ ស៊ើបអង្កេតបន្តលើលទ្ធផល នៃការស៊ើបអង្កេតរបស់គណៈកម្មការកោសលវិច័យរបស់ក្រសួងមហាផ្ទៃ៕

សូមស្តាប់សេចក្តីរាយការណ៍ ដោយលោក វ៉ាន់ សារាយ៖