(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រ ដែលមានចំណងជើងថា «តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?»

ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១ ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់ (៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២.ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣. កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤. បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។

សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយបំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។

ចំណុចទី១ ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជា
ការបិទឬបើកនៃរោងចក្រដែលជារបរ នៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថិរភាពល្អប្រសើរនិងបន្តរីកចម្រើនបន្តទៀតនៅឆមាសទី២ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៥.៥% ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១% ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។

ជាមួយលក្ខខណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១ ៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១ ៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ និងផ្តល់ការងារផ្លូវការដល់បងប្អូនកម្មករនិយោជិតជាង ៨៣ម៉ឺននាក់។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ មានរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរបើកថ្មីប្រមាណ ៦០រោងចក្របន្ថែម ដែលបានបង្កើតការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣ម៉ឺននាក់។ ការណ៍នេះ សបញ្ជាក់ពីនិន្នាការធម្មតាក្នុងវិស័យកាត់ដេរ និងបង្ហាញពីសេចក្តីទុកចិត្តទាំងស្រុងរបស់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកលើរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិទី៦ និងអាណត្តិទី៧ខាងមុខ។ មួយវិញទៀត តាមការព្យាកររបស់អង្គការ ILO ក្នុងឆ្នាំ២០២៣នេះ ចំនួនការងារសរុបរបស់កម្ពុជានៅតែមានកំណើនប្រមាណ ១,៣% ដែលមានន័យថា ស្ថានភាពទីផ្សារការងាររបស់កម្ពុជាមានភាពរឹងមាំ និងនៅតែផ្តល់ក្តីសង្ឈឹមខ្ពស់ដល់ប្រជាជន ជាពិសេសយុវជន។

ទី២៖ ការថមថយនៃការនាំចេញផលិតផល កាត់ដេរ ស្បែកជើងនិងផលិតផលធ្វើដំណើរ
កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជាវៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី ស្រីលង្ការ គឺជាប្រទេសផលិតដើម្បីផ្គត់ផ្គង់ផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារពិភពលោក ក្នុងនោះមានអឺរ៉ុប អាមេរិក ជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាចៃដន្យអាក្រក់របស់ពិភពលោក ក្រោយការរងគ្រោះក្នុងវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរហើយនោះ ពិភពលោកទាំងមូលដែលកំពុងដើរអូសជើងចេញពីវិបត្តិសាកលនេះ ត្រូវជួបប្រទះបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ វិបត្តិនេះ បានទាញពន្យឺតការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេស សេដ្ឋកិច្ចសហភាពអឺរ៉ុបដែលបានប៉ះពាល់ខ្លាំងជាងគេពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយគួរបញ្ជាក់ផងដែរថាទីផ្សារសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជាក៏ដូចជាប្រទេសនាំចេញផលិតផលកាត់ដេរដទៃផ្សេងទៀត។ ប្រការនេះ បានធ្វើឱ្យតម្រូវការសាកលសម្រាប់ផលិតផលគ្រប់មុខដែលរួមទាំង សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានថយចុះតាំងពីត្រីមាសទី២ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន (គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣)។ ក្នុងនោះ តម្លៃនាំចូលនៃផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបរបស់ពិភពលោក បានធ្លាក់ចុះមកនៅត្រឹម១២៥ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៣ ខណៈដែលធ្លាប់កើនឡើងរហូតដល់១៥០ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌពាណិជ្ជកម្មអន្តរជាតិដែលបានទាញយកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ប្រការនេះ បានធ្វើឱ្យប្រទេសផ្គត់ផ្គង់ដូច កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែសជាដើមរងផលប៉ះពាល់។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះរហូតដល់១៩.២% ខណៈវៀតណាមធ្លាក់ចុះ១៥.៧% ហើយស្រីលង្កាក៏បានធ្លាក់ចុះ១៤.៦% ដោយឡែកកម្ពុជាក៏មានការធ្លាក់ចុះចំនួន១៨.៦%។ ជារួម ការធ្លាក់ចុះផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំនើរ និងកាបូបជានិន្នាការរួមរបស់សកលលោក ប៉ុន្តែមិនមែនបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ។

សម្រាប់អ្នកតាមដានវិស័យកាត់ដេរនៅកម្ពុជា មូលហេតុកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង ការបូប និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២២ មានកម្រិតខ្ពស់ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានសុខាភិបាល និងការអន្តរាគមន៍នានាយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសគឺការធានាបាននូវនិរន្តរភាពច្រវ៉ាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនៅកម្ពុជា ដែលធ្វើឱ្យម្ចាស់ម៉ាកនៅទូទាំងពិភពលោក បានបង្វែរការបញ្ជាទិញមកកម្ពុជា ខណៈដែលកាលណោះ តម្រូវការរបស់ពិភពលោក មានការកើនឡើងខ្ពស់ ហើយប្រទេសនាំចេញផលិតផលនេះផ្សេងទៀតនៅមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅឡើយ។ ដោយឡែកការថយចុះនាពេលនេះ ក្រៅពីតម្រូវការពិភពលោកមានការថយចុះ ការបញ្ជាទិញម្ចាស់ម៉ាកធំៗដែលធ្លាប់បង្វែរការទិញនៅកម្ពុជាកាលពីឆ្នាំ២០២២នោះ បានត្រឡប់ទៅបញ្ជាទិញពីប្រទេសដែលខ្លួនធ្លាប់បញ្ជាទិញមុនបរិបទកូវិដវិញហើយ ព្រោះពេលនេះ បណ្តាប្រទេសទាំងអស់ក្នុងតំបន់បានបិទបញ្ចប់វិបត្តិកូវីដ១៩រួចហើយ និងមានដំណើរការសេដ្ឋកិច្ច សង្គមដូចកម្ពុជាដែរ។

ទី៣៖ ការអនុវត្តលក្ខខណ្ឌការងារ
គិតមកដល់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលគោលរបស់កម្មកររោងចក្រកាត់ដេរបានកើនដល់២០០ដុល្លារក្នុងមួយខែ ដោយបានកើនឡើងបន្ថែមចំនួន៤០០% ចាប់ពីឆ្នាំ១៩៩៧ដែលមានប្រាក់ឈ្នួលគោលត្រឹម៤០ដុល្លារ។ បើប្រៀបធៀបប្រាក់ឈ្នួលជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ នៅឆ្នាំ២០២៣នេះ កម្មកររបស់ឡាវ ទទួលបានចំនួន ៧៥ដុល្លារអាម៉េរិក, មីយ៉ាន់ម៉ា ទទួលបាន ៦៩ដុល្លារអាម៉េរិក, វៀតណាម ទទួលបានចន្លោះ១៣៨ និង ១៩៨ទៅតាមតំបន់, ស្រីលង្កា ទទួលបាន៣៩ដុល្លារ ហើយបង់ក្លាដែស ទទួលបានចំនួន៧៥ដុល្លារអាម៉េរិក។ ដោយឡែក នៅកម្ពុជា បើបូកប្រាក់ឈ្នួលញអប្បបរមា និងប្រាក់ឧបត្ថមផ្សេងៗ (ប្រាក់ថ្លៃបាយ, ប្រាក់ធ្វើការថែមម៉ោង, ប្រាក់ធ្វើការទៀងទាត់, ប្រាក់ធ្វើដំណើរ, និងប្រាក់អតីតភាពការងារ) កម្មករម្នាក់ៗជាមធ្យមទទួលបានប្រាក់ចំណូលក្នុងរង្វង់២១៧ដុល្លារអាម៉េរិក ទៅ២៥៩ដុល្លារអាម៉េរិកក្នុងមួយខែ។

សូមបញ្ជាក់ថា លក្ខខណ្ឌការងារ និងសុខដុមនីយម្មទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យការងារ ហើយប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងាររបស់អង្គការ ILO ចំនួន១៣ ក្នុងនោះកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សច្ចាប័នអនុសញ្ញាស្នូលទាំង ៨របស់អង្គការ ILO។

បន្ថែមលើនេះ កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងអនុលោមភាពការងារ និងធានាឱ្យបាននូវកេរ្តិ៍ឈ្មោះផលិតផលនាំចេញរបស់យើងជាប្រភពទំនិញដែលមានការគោរពតាមលក្ខខណ្ឌការងារ និងសិទ្ធិការងារ។ ក្នុងន័យនេះ កម្ពុជាបានទទួលយកការអនុស្សរណៈនៃការយោគយល់គ្នា “កម្មវិធីគម្រោងរោចក្រកាន់តែប្រសើរនៅកម្ពុជា” រវាងរាជរដ្ឋាភិបាល និង ILO-BFC ចំនួន ៨លើក ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០០៣ ហើយបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២០-២០២២ ដែលចុះហត្ថលេខានៅក្នុងឆ្នាំ២០១៩ និងជាចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣-២០២៧។

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ក្នុងបរិបទកូវីដ១៩ បានផ្តល់វ៉ាក់សាំងជូនកម្មករដោយឥតគិថ្លៃដើម្បីធានាបាននូវសុខភាព និងរក្សាការងារជូនកម្មករនិយោជិត ហើយបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែល បានព្យួរកិច្ចសន្យាការងារចំនួន ៧០ដុល្លារអាម៉េរិក (រាជរដ្ឋាភិបាល ៤០ដុល្លារអាម៉េរិក និងនិយោជក ៣០ដុល្លារអាម៉េរិក)។ មួយវិញទៀត រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលជំនាញដល់កម្មករដែលព្យួរកិច្ចសន្យាការងារបានចំនួន៦,៨ម៉ឺននាក់ និងបានប្រកាសត្រៀមបណ្តុះបណ្តាលកម្មករ ឬយុវជនកម្ពុជាដែលងាយរងគ្រោះ ឬមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ ដែលចង់អភិវឌ្ឍនជំនាញ ឬចង់បានជំនាញជាក់លាក់ដើម្បីបង្កើនប្រាក់ចំណូល។

មិនតែប៉ុណ្ណោះ កម្មករនិយោជិត ក៏នឹងទទួលបានផងដែរនូវប្រាក់សោធននិវត្តន៍ ប្រាក់ថែមម៉ោង ប្រាក់ធ្វើការទៀតទាត់ ផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារទៀតផង និងការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ។ល។ អ្វីដែលបានលើកឡើងសម្រាប់កម្មករនេះ នៅមិនទាន់រាប់បញ្ចូលការឧបត្ថមសម្រាប់កម្មការនីមានផ្ទៃពោះ ដូចជាអនុញ្ញាតិឱ្យចេញមុនម៉ោង ១៥នាទី, ឈប់សម្រាកចំនួន ៩០ថ្ងៃ តាមច្បាប់ស្តីពីការងារ និងទទួលបានប្រាក់ឈ្នួលសរុប ១២០% ដោយ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស., ទទួលបានប្រាក់ឧបត្ថម្ភ មុន និងក្រោយ សម្រាលកូន សរុបចំនួន ១លាន ៩២ម៉ឺនរៀល ឬ ៤៨០ដុល្លារអាម៉េរិក/១នាក់ដោយមិនទាន់រាប់បញ្ចូលការឧបត្ថមរបស់ដល់ស្តី្រកម្មករដែលនឹងទទួលបានការឧបត្ថមពេលឆ្លងទន្លេកូន១រូប បាន៨០ម៉ឺនរៀល ភ្លោះ២រូប បាន១.២លានរៀល និងភ្លោះ៣រូបទទួលបាន១.៦លានរៀល និងការឧបត្ថមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ចំនួន៥លានរៀលទៀតផងទេ។

ទី៤៖ ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប និង GSPរបស់អាមេរិក
តាមពិតការលើកឡើងស្តីពីប្រព័ន្ធងនុគ្រោះពន្ធEBA និង GSPរបស់អាមេរិកនេះ គឺជារឿងនយោបាយតែប៉ុណ្ណោះដែលវាហាក់ដូចជាអាយ៉ៃឆ្លើយឆ្លងដែលមិនចេះចប់ព្រោះអ្នកលើកឡើងមិនចង់ចប់។ ចំណុចនេះ គឺជាចំណុចដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលប្រើវាជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប(អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) នៅឆ្នាំ២០០១ក្នុងចំណោមប្រទេសក្រីក្រចំនួន៣នៅអាស៊ាន ក្នុងនោះមានឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានប្រកាសយកពន្ធលើផលិតផលកម្ពុជាចំនួន២០%នៃផលិតនាំចូលទាំងអស់ដែលស្មើប្រមាណ៨០មុខ។ ផ្ទុយទៅវិញ បើទោះបីជាយកពន្ធ២០%ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជានៅបន្តកើនឡើងដដែល។ ជាក់ស្តែងតម្លៃនាំចេញសរុបរបស់កម្ពុជានៅឆ្នាំ២០២២ បានកើនឡើង១៧,១% ក្នុងនោះការនាំចេញទៅអឺរ៉ុបបានកើនឡើង ២៥,៣% (វិស័យកាត់ដេរនាំចេញទៅអឺរ៉ុបកើនឡើង ២១,៧%) ដែលបញ្ជាក់ឱ្យឃើញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយ EBA មិនមែនជាបញ្ហាចម្បងក្នុងការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាទៀតឡើយ ផ្ទុយទៅវិញការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីឆ្នាំ ២០២០ បានជួយឱ្យកម្ពុជាបានត្រៀមខ្លួនកាន់តែប្រសើរ មានភាពម្ចាស់ការ និងមានភាពប្រកួតប្រជែងដោយឡែករបស់ខ្លួន។ គួរកត់សម្គាល់ថា EBAនេះ នឹងត្រូវបានទាំងស្រុងនៅឆ្នាំ២០២៧ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដែលស្ថិតក្នុងកូតារបស់សហភាពអ៊ឺរ៉ុបទៀតហើយ។

ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(GSP)វិញគឺជាប្រពន្ធអនុគ្រោះពន្ធដែលផ្តល់ឱ្យប្រទេសក្រីក្រ ឬមានកំណើនតិចតួចបំផុតក្នុងនាំចូលមុខទំនិញដោយមិនជាប់ពន្ធ។ សម្រាប់កម្ពុជា ប្រពន្ធអនុគ្រោះពន្ធនេះ បានផុតតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មកម្លេះបន្ទាប់ពីកម្ពុជាទទួលបាននៅឆ្នាំ១៩៩៧។ សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំជាង ៩.២ ពាន់លានដុល្លារ កើនឡើង ១៨.៦ ភាគរយបើធៀបឆ្នាំ ២០២១។ ជាមួយទំហំពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែបន្តមានវឌ្ឍនភាពបើទោះបីអត់មានប្រព័ន្ធGSPក៏ដោយ។ ប៉ុន្តែមិនមានន័យថា កម្ពុជាមិនទទួលប្រព័ន្ធអនុគ្រោះពន្ធGSPរបស់អាមេរិកនោះទេព្រោះការផ្តល់ឱ្យវានឹងនាំឱ្យជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានកំណើនបន្ថែមទៀត។

ទាំងនេះ គឺជាចំណុចត្រួសៗដែលរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងផ្តល់ដំណោះស្រាយ និងសម្រួលជូនកម្មករនិយោជិត ប៉ុន្តែមិនត្រូវបានកត់ចំណាំដោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)។ តើវាជា ការមើលមិនឃើញ ស្តាប់មិនឮឬយ៉ាងណា? ប៉ុន្តែផ្ទុយទៅវិញ មានតែចំណុចអវិជ្ជមានដែលគ្មានការពិត មិនគ្រប់ជ្រុងជ្រោយ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជាក្នុងវិស័យកាត់ដេរ។ ហេតុអ្វីបានជាដូចនេះ? តើដូចពាក្យគេថាអង្គការមួយចំនួននៅកម្ពុជាដើម្បីទទួលបានជំនួយសម្រាប់ប្រតិបត្តិការក្នុងអង្គការ បានយកបញ្ហាកម្មកររោងចក្រ សិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អ៊ឺរ៉ុប និងGSPរបស់អាមេរិក។ល។... ជាឆ្នាំងបាយរបស់ខ្លួន?

មួយវិញទៀត ក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាដែលនិយាយថា៖ «ការឈឺចាប់ចំពោះបញ្ហា មិនបានរួមចំណែកក្នុងការស្វែងរកដំណោះស្រាយ ឬធ្វើឱ្យស្ថានភាពប្រសើរឡើងឡើយ មានតែការចូលរួមឈឺឆ្អាលរបស់យុវជន និងពលរដ្ឋគ្រប់គ្នាប៉ុណ្ណោះទើបធ្វើឱ្យស្ថានភាពប្រសើរឡើងជាងនេះសម្រាប់ ៥ឆ្នាំខាងមុខ។ យើងនឹងក្លាយជាពលរដ្ឋអាត្មានិយមនៅពេលដែលយើងម្នាក់ៗបន្តនៅស្ងៀមស្ងាត់ចំពោះបញ្ហាដែលកំពុងកើតមានទ្បើងក្នុងសង្គម»។ សំណួរសួថា តើអង្គការសង់ត្រាល់ចង់បានអ្វីឱ្យពិតប្រាកដ? តើមិនមែនជាការដុតរោលឱ្យពលរដ្ឋមានកំហឹងទេឬយ៉ាងម៉េច? នេះជាសំណួររបស់ពលរដ្ឋ។

សូមបញ្ជាក់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃកម្ពុជារងចាំរយៈពេល៥០០ឆ្នាំដើម្បីមានកម្ពុជាមួយដែលមានរដ្ឋធម្មនុញ្ញតែមួយ រាជបល្ល័ង្កតែមួយ រាជរដ្ឋាភិបាលតែមួយដែលគ្មានការបែងចែកទឹកដី និងតំបន់កាន់កាប់។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ កម្ពុជា បានបើកលំហអង្គការសង្គមស៊ីវិលក្នុងការធ្វើប្រតិបត្តិការនៅទូទាំងប្រទេសដោយគ្មានការរិតត្បិត។ គិតត្រឹមបំណាច់ឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានជាង៦ពាន់ស្ថាប័ន ហើយរដ្ឋាភិបាលតែងតែចាត់ទុកសមាគម និងអង្គកការមិនមែនរដ្ឋាភិបាលទាំងនោះ ជាដៃគូសហការមិនអាចខ្វះបាន។

ដូចនេះ វត្តមានសមាគម និងអង្គការ គួរតែដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ផ្តល់ទិន្នន័យ និងការវិភាគជាក់ស្តែងឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យកែតម្រូវចំណុចខ្វះខាត ហើយជឿថា រដ្ឋាភិបាលកម្ពុជានឹងមិនចង្អៀតចង្អល់ក្នុងការទទួលចំណុចអវិជ្ជមានដើម្បីស្ថាបនានោះទេ៕