(ភ្នំពេញ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម កប់ក្នុងដីក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកំលាំងជំនាញអង្គភាពសុីម៉ាក់ សំរេចបោសសម្អាត និងដោះស្រាយកង្វល់គ្រាប់មិនទាន់ផ្ទុះនៅក្នុងបរិវេណសាលានេះរួចរាល់ជាស្ថាបពរហេីយ គិតត្រឹម​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ទៀតថា កំលាំងជំនាញអង្គភាពសុីម៉ាក់ បោសសម្អាតមីននៅថ្ងៃអាទិត្យ​ ទី២០ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកជញ្ជូនគ្រាប់មិនទាន់ផ្ទុះទាំងអស់ទៅកំទេចចោល​ផងដែរ។

លោក ហេង រតនា បានឱ្យដឹងទៀតថា «សូមលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស​ ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ​ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតា នៅថ្ងៃចន្ទទី២១​ ខែសីហា​ ឆ្នាំ២០២៣​ ស្របតាមការជូនការជូនដំណឹងរបស់លោកនាយកសាលា​ និងមន្ទីរអប់រំខេត្តផងដែរ»៕