(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋប្ដូរការហៅជំងឺឆ្កួតជ្រូក មកជា «ជំងឺអេពីឡឹបស៊ី» វិញ ដើម្បីរួមគ្នាលុបបំបាត់ការរើសអើង និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈសកលផងដែរ។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ បានធ្វើឡើងនៅសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំលើកទី៤ នៃសមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ «ជំងឺអេពីឡឹបស៊ី» នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។
លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន បានថ្លែងបន្ដថា ជំងឺអេពីឡឹបស៊ី ដែលភាគច្រើនស្តែងចេញជាអាការៈប្រកាច់ម្តងហើយម្តងទៀតនេះ កាលពីមុនយើងធ្លាប់ហៅថាជំងឺឆ្កួតជ្រូក។ ពាក្យនេះស្ដាប់ទៅស្រួលយល់ តែបណ្ដាលឱ្យមានបញ្ហាទៅវិញ។
បញ្ហាប្រឈម គឺការរើសអើង ពិតជារឿងដែលមិនអាចមើលរំលងបានឡើយ ដោយសារការរើសអើង មនុស្សជាច្រើនមិនចង់ដឹង មិនចង់លឺពីជំងឺនេះទេ ហើយនៅពេលដែលពួកគាត់ឈឺ ឬមានញាតិមិត្ត ឈឺជំងឺនេះ ក៏មិនដឹងថាត្រូវធ្វើបែបណា ត្រូវទៅព្យាបាលឯណា។ បែបនេះ ទើបយើងធ្លាប់សង្កេតឃើញមានគម្លាតដ៏ធំនៃអ្នកដែលមានជំងឺអេពីឡឹបស៊ី តែមិនបានមកទទួលការព្យាបាលដែលមានប្រសិទ្ធភាព។
លើសពីនោះពាក្យថា ឆ្កួតជ្រូក បង្កឱ្យអ្នកជំងឺក៏ដូចជាគ្រួសារមានការអៀនខ្មាស់ ហើយលើសពីនេះការរើសអើង ធ្វើឱ្យអ្នកជំងឺត្រូវរងគ្រោះទ្វេរដង មិនហ៊ានស្វែងរកការព្យាបាលដែលត្រឹមត្រូវនោះទេ។ ក្នុងគ្រាដែលវេជ្ជសាស្ត្រនៅកម្ពុជាមិនទាន់ជឿនលឿន ប្រជាជនតែងផ្សារភ្ជាប់ ជំងឺនេះទៅនឹងជំនឿអរូបិយ ស្វែងរកការព្យាបាលតាមបែបសាសនាមានការសែនព្រេន ។ល។ ហើយរហូតបច្ចុប្បន្នក៏នៅតែមានការអនុវត្តបែបនេះដែរ។
«ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្ដូរការហៅជំងឺឆ្កួតជ្រូកនេះ មកជាជំងឺអេពីឡឹបស៊ី វិញ ដើម្បីលុបបំបាត់ការរើសអើង ហើយបែរមករួមគ្នាជួយអ្នកជំងឺឱ្យទទួលបានការព្យាបាលតាមបែបវេជ្ជសាស្ត្រដែលត្រឹមត្រូវ ព្រោះជំងឺនេះអាចព្យាបាលជា មិនមានការតពូជនោះទេ និងអាចរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារ ហើយប្រកបមុខរបររកស៊ីដូចគេដូចឯងផងដែរ»។ នេះតាមការគូសបញ្ជាក់លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន។
លោកសាស្ដ្រាចារ្យបន្ដថា ក្រៅពីប្ដូរឈ្មោះជំងឺឱ្យសមរម្យ និងសមស្របតាមលក្ខណៈសាកលហើយ ការបង្កើនសមត្ថភាពព្យាបាលនៅតាមមូលដ្ឋាន គឺពិតជាកិច្ចការសំខាន់ណាស់។ ក្នុងនោះទាំងសមាគម ក៏ដូចជាក្រសួងសុខាភិបាល បានកំពុងនិងបន្តពង្រឹង និងពង្រីកសមត្ថភាពព្យាបាលជំងឺអេពីឡឹបស៊ីនេះរហូតដល់ថ្នាក់មណ្ឌលសុខភាព ទាំងធនធានមនុស្ស ក៏ដូចជាការផ្គត់ផ្គង់ថ្នាំទៀងទាត់ផងដែរ។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យក៏លើកទឹកចិត្ដឱ្យសមាគមទាំងពីរខាងលើនេះ បន្តចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងចំណោមប្រជាជនទូទៅផងដែរ។ កន្លងមកសមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី បានចូលរួមចំណែកយ៉ាងច្រើនដល់ការងារលើកកម្ពស់សុខុមាលភាព ទាក់ទងនឹងប្រព័ន្ធប្រសាទ និងជាពិសេសគឺជំងឺ អេពីឡឹបស៊ីនេះតែម្តង។
ការងារទាំងនោះមានដូចជាការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈវិទ្យាសាស្ត្រ នៅខេត្តព្រៃវែង និងក្រោយមកនៅក្នុងខេត្តត្បូងឃ្មុំ ហើយដែលបានបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវជាលក្ខណៈអន្តរជាតិ ដើម្បីជាប្រយោជន៍ទាំងសម្រាប់ប្រជាជនកម្ពុជាផង និងសម្រាប់ប្រជាជនទូទាំងពិភពលោកផង។ ក្រៅពីការសិក្សាស្រាវជ្រាវ សមាគមទាំងពីរក៏តែងចូលរួមដល់ការលើកកម្ពស់ការយល់ដឹង និងសមត្ថភាពព្យាបាលក្នុង ចំណោមគ្រូពេទ្យ និងនិស្សិតពេទ្យផងដែរ។
លោកបន្ដថា ក្រោមដំបូលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ចាកចេញពីការរាតត្បាតជំងឺកូវីដ១៩ និងបន្តរស់នៅធម្មតាតាមបែបគន្លងថ្មី ពិសេសកម្ពុជាយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអត្រាគ្របដណ្តប់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, ទើបយើងមានឱកាសជួបជុំនឹងរៀបចំសន្និសីទនេះឡើង ដូចនេះត្រូវបន្ដរួមគ្នាបង្កើនសមត្ថភាពបន្ថែម ដើម្បីឱ្យស្របតាមការប្រែប្រួលនៃបញ្ហាសុខភាព ក៏ដូចជាបច្ចេកទេស បច្ចេកវិទ្យាក្នុងការថែទាំព្យាបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
សមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ហើយក៏ជាសមាជិកនៅក្នុងសហព័ន្ធអន្ដរជាតិប្រឆាំងជំងឺអេពីឡឹបស៊ី (ILAE) ដែលមានភារៈកិច្ចជារួម គឺការធ្វើឱ្យកាន់តែប្រសើរនូវតំហែរទាំ ការព្យាបាល និងការគាំពារដល់សុខភាពផ្លូវកាយ ផ្លូវចិត្ដ និងចំណងសង្គមជូនដល់អ្នកជំងឺអេពីឡឹបស៊ី។ នេះបើតាមការឱ្យដឹងរបស់លោកស្រី រស់ ស៊ីណា ប្រធានសមាគមប្រឆាំងអេពីឡឹបស៊ី។
តាមការបញ្ជាក់បន្ថែមរបស់ប្រធានសមាគមគ្រូពេទ្យប្រសាទសាស្ដ្រកម្ពុជា លោកសាស្ដ្រាចារ្យ ជុំ ណាវុធ ជំងឺអេពីឡឹបស៊ី ជាជំងឺមួយក្នុងផ្នែកប្រសាទសាស្ដ្រ ដែលអាចកើតលើមនុស្សគ្រប់វ័យ តែអត្រាច្រើនជាងគេ គឺក្មេងអាយុចន្លោះពី២ទៅ១០ឆ្នាំ។ ជំងឺនេះ គឺប្រកាច់ច្រើនដង ដែលបង្ករឡើងនៃសកម្មភាពអគ្គិសនីខួរក្បាលខុសប្រក្រតី មានបែកពពុះមាត់ កន្ដ្រាក់ដៃជើង បាត់បង់ស្មារតី ជាទូទៅរយៈពេល ២ទៅ៣នាទីក្រោយមក អ្នកជំងឺអាចដឹងខ្លួនមកវិញដោយខ្លួនឯង។ សម្រាប់ជំងឺនេះអាចព្យាបាលជាសះស្បើយធម្មតាផងដែរ៕