(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានដាក់អនុសាសន៍៧ចំណុចយ៉ាងមុតមាំ ដើម្បីពង្រឹងវិន័យការងាររបស់មន្រ្តីទេសចរណ៍ ប្រមាណជាង៥០នាក់ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ រយៈពេល៤ថ្ងៃ។
ក្នុងឱកាសនេះលោកបានបន្តថា ដើម្បីជាការរួមចំណែក ក្នុងការចូលរួមអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការងារគ្រប់គ្រងរដ្ឋបាល លោកបានផ្តល់អនុសាសន៍មួយចំនួន ដល់សិក្ខាកាមទាំងអស់ រួមមាន៖
ទី១.ពង្រឹង និងពង្រីកការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានក្នុងច្បាប់ជាធរមាន, ទី២.ជម្រុញការគោរពពេលវេលា វត្តមានក្នុងការបំពេញការងារ និងការទទួលខុសត្រូវតាមតួនាទី ភារកិច្ច ពិសេសការអនុវត្តតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា, ទី៣.ជម្រុញការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តី ដែលមានមុខតំណែង គ្រប់គ្រងមន្រ្តីរាជការ ជាស្រ្តី និងមន្រ្តីក្របខណ្ឌថ្មី, ទី៤.ជម្រុញការវិភាគមុខងារ ការពិពណ៌នាមុខតំណែង ដើម្បីផ្ដល់លទ្ធភាពងាយស្រួល ក្នុងការរៀបចំការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា, ទី៥.ជម្រុញរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកមុខងារភារកិច្ច ការបើកទូលាយ និងការផ្ដល់ឱកាសដល់មន្រ្តីរាជការ ក្នុងការបំពេញការងារ ស្របតាមរចនាសម្ព័ន្ធការងារ និងលទ្ធភាពដែលអាចធ្វើបាន, ទី៦.បន្តយកចិត្តទុកដាក់ដល់ការពារផលប្រយោជន៍ និងការលើកទឹកចិត្តមន្រ្តីរាជការ ដែលមានស្នាដៃល្អ និងសកម្មក្នុងការងារ ដូចជាផ្ដល់ជូននូវគ្រឿងឥស្សរិយយស ការតម្លើងថ្នាក់ឋានន្តរស័ក្ដិ និងកាបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស, និងទី៧.សម្របសម្រួលសហប្រតិបត្តិការជាមួយគ្រប់អង្គភាព នៃក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើតបរិយាកាសបើកទូលាយ ឱ្យមានការចូលរួមពីមន្ត្រីគ្រប់ថ្នាក់ ដើម្បីធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយស្ថិរភាព និងនិរន្តរភាព។
មុននឹងបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងឡាយបានលើកនូវសំណូមពរជូនថ្នាក់ដឹកនាំថា សូមឱ្យបន្តវគ្គសិក្សានេះនៅពេលក្រោយៗទៀត និងបន្ថែមរយៈពេលសិក្សា ពី៥-៧ថ្ងៃ ដើម្បីឱ្យសិក្ខាការដែលចូលរួមសិក្សា លើកក្រោយនោះ ទទួលចំណេះដឹងបានកាន់តែលម្អិតថែមទៀត។ ជាមួយគ្នានេះ លោក ជា បូរ៉ា ក៏បានចែកជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបាន បញ្ចប់វគ្គសិក្សានេះ ផងដែរ៕