(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ មូលនិធីស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Research Creativity and Innovation Fund) ឬ មូលនិធី (ស.គ.ន) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ក្រោមគំនិតផ្តួតផ្តើមនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសិក្ខាសាលាស្តីពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់ឆ្នាំ២០២៣ នៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីផ្សព្វផ្សាយដល់អ្នកស្រាវជ្រាវទាំងអស់អំពីឱកាសទទួលបាន ថវិកាស្រាវជ្រាវ និងឱកាសផ្សេងទៀតដែលមានក្នុងគម្រោងទាំង៧ របស់មូលនិធិ។
គម្រោងទាំង៧ របស់មូលនិធិ ស.គ.ន រួមមាន៖
១៖ កិច្ចសហប្រតិបត្តិការគាំទ្រដោយសហភាពអឺរ៉ុបលើវិស័យឧត្តមសិក្សា (Eramus+) ដែលនៅក្នុងគម្រោងមួយនេះមានគម្រោង Capacity Building for higher education (CBHE) ដែលគម្រោងចំនួន៥៤នឹងផ្តល់ជូនគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន៣០គម្រោង រួមជាមួយនឹងការផ្តល់ជូនការទស្សនកិច្ចសិក្សា (Student's Mobility ) ដល់និស្សិតនិងអ្នកស្រាវជ្រាវកម្ពុជាទៅអឺរ៉ុបដើម្បីរៀបចំគម្រោងស្រាវជ្រាវ រួមទាំងមានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាដើម។
២៖ កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien "ទន្លេសាប" ដែលនិស្សិតថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវវ័យក្មេងអាចទទួលបានថវិកា និងប្រាក់បំណាច់សម្រាប់ធ្វើដំណើរក្នុងស្រុក និងទៅប្រទេសបារាំងដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតគម្រោងស្រាវជ្រាវដូចជា សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល,កសិក្មអនុវត្ត,ជីវបច្ចេកវិទ្យានិងជីវវិទ្យាសាស្រ្ត,វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល,វិទ្យាសាស្រ្តកុំព្យូទ័រ,វិទ្យាសាស្រ្តបរិស្ថាន,វិទ្យាសាស្រ្តមនុស្សជាតិនិងសង្គម ព្រួមទាំងគរុកោសល្យនាវានុវត្តន៍ជាដើម។
ក្រៅពីកិច្ចសហប្រតិបត្តិទាំងនេះ មូលនិធិ ស.គ.ន ទទួលបានថវិកាចំនួន ៤ ០០០ ០០០ ០០០ រៀលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៣៖ ថវិកាកត្តាលីករទាក់ទាញការស្រាវជ្រាវជាមួយដៃគូ ដែលគម្រោងនេះផ្តល់ឱ្យអ្នកស្រាវជ្រាវដែលមានកិច្ចសហប្រតិបត្តិការជាមួយដៃគូ អាចស្នើសុំថវិកាពីមូលនិធិ ស.គ.ន ដើម្បីជួយបំពេញលើសកម្មភាពស្រាវជ្រាវរបស់ខ្លួនដែលមានស្រាប់ដូចជា ការទិញសម្ភារបន្ថែម ការទិញវត្ថុធាតុដើម ការជួសជុលខ្នាតតូច និងបេសកកម្មស្រាវជ្រាវជាដើម។
៤៖ ថវិកា "ស្រាវជ្រាវដើម្បីការអភិវឌ្ឍ" នៅកម្រិតឧត្តមសិក្សា កម្មវិធីនេះជា Flagship Program នៃមូលនិធិ ស.គ.ន សម្រាប់ឆ្នាំ២០២៣ និងនៅឆ្នាំជាបន្តបន្ទាប់ដែលអ្នកស្រាវជ្រាវអាចទទួលបានថវិកាពី៤០ ដល់ ១២០លានរៀល តាមគុណតម្លៃនៃប្រធានបទស្រាវជ្រាវ។ គម្រោងជាអាទិភាពសម្រាប់ឆ្នាំ២០២៣ មានដូចជា៖ ការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ឬការស្រាវជ្រាវស៊ីជម្រៅក្នុងវិស័យកសិកម្ម។ ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថល មេកាត្រូនិច AI AR-VR-XR, Game Technology។ វិទ្យាសាស្រ្តរូបធាតុ (Materials Science) ជំនួសប្លាស្ទិក និងការបង្កើតរូបធាតុឧស្សាហកម្ម។ អភិរក្សកសិកម្ម (Conservation Agriculture) គុណភាពដី តុល្យភាព Fauna និង Flora និងសំណឹក។
៥៖ ការប្រែក្លាយស្ថាប័នជាមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលគម្រោងនេះនឹងផ្តល់ជូនគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងមន្ទីរពិសោធន៍នូវថវិកាដើម្បីពង្រឹងការរៀននិងបង្រៀន ការស្រាវជ្រាវ និងសេវាកម្មនៃមន្ទីរពិសោធន៍ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមចំណែកដល់ការប្រែក្លាយកម្មវិធីសិក្សា ដែលមានទំនាក់ទំនងជាមួយមន្ទីរពិសោធន៍នោះ ជាមជ្ឈមណ្ឌលឧត្តមភាព
៦៖ ការនិពន្ធ រៀបរៀង កែលម្អសៀវភៅសិក្សាសម្រាប់កម្រិតឧត្តមសិក្សា ផ្តល់ឱ្យសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាជាអាទិភាព ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសា ដែលមានដូចជាការរៀបរៀង ការនិពន្ធស្នាដៃថ្មី និងការកែលម្អលើគុណភាពសៀវភៅរួមមានទិន្នន័យ ខ្លឹមសារ រូបភាពជាដើម។
៧៖ ការប្រកួតស្នាដៃស្រាវជ្រាវបង្កើតវត្ថុគំរូ Prototype "បំណងប្រាថ្នា" ដោយព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់សិស្សកម្រិតមធ្យមសិក្សាបានបញ្ចេញស្នាដៃនៃការសិក្សាដោយការបង្កើតគម្រោង និងផលិតនូវវត្ថុគំរូដែលជាបំណងប្រាថ្នារបស់ខ្លួនដើម្បីដោះស្រាយទៅលើបញ្ហាជាក់លាក់ណាមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។
សូមចុះឈ្មោះជាមួយនឹងតំណភ្ជាប់នេះដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយ "ការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣" ៖ https://forms.gle/rpokDWc6Sp7zTChi6 ៕