(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានជួបពិភាក្សាទ្វេភាគីជាមួយ គណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប។ ជំនួបនេះបានធ្វើឡើងនៅទីក្រុងសាម៉ារ៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី។

ដោយឡែកនៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៧ ដែលបានធ្វើការពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានបបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៦។ កិច្ចប្រជុំបានពិភាក្សាអំពីការវិវត្តចុងក្រោយផ្នែកម៉ាក្រូសេដ្ឋកិច្ច និងនិន្នាការវិនិយោគនៅក្នុងតំបន់ និងកិច្ចការមួយចំនួនទៀត។

សម្រាប់នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាទ្វេភាគីជាមួយលោក Nigel Huddleston អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មអង់គ្លេស។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងគម្រោងបង្កើនពាណិជ្ជកម្មរវាងអាស៊ាន និងអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន។

បន្ទាប់ពីជំនួបទ្វេរភាគីរវាងអនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអង់គ្លេស នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន​ បានបន្តអញ្ជើញចូលរួមក្នុងពិធីចាប់ផ្តើមជាផ្លូវការនៃ ASEAN Tariff Finder ដែលជា platform តាមអនឡាញមួយ បង្កើតឡើងដើម្បីគាំទ្រពាណិជ្ជករ ឱ្យទទួលបានផលជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន តាមរយៈការទទួលបានព័ត៌មានពាណិជ្ជកម្មដ៏ត្រឹមត្រូវ។

បន្ថែមពីនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់លើកទី២១ ជាមួយក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន។ នៅក្នុងកិច្ចប្រជុំនោះ មានការផ្លាស់ប្តូរទស្សនៈ លើអនុសាសន៍នានា ពីវិស័យឯកជន ដើម្បីពង្រឹងសមាហរណកម្មផ្នែកសេដ្ឋកិច្ចអាស៊ាន ជាដើម។

លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍វឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសកម្មភាពរួម ដើម្បីអនុវត្តការសំរេចចិត្តធ្វើឡើងដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញ ការពង្រឹងសមត្ថភាពរបស់តំបន់ ដើម្បីចាប់យកឱកាសពីការផ្លាស់ប្តូរផ្នែកឌីជីថលដែលកំពុងបន្ត ជាដើម៕