(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានអះអាងថា កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនដោយស្របច្បាប់ ពុំជួបវិបត្តិអត់ការងារធ្វើដូចដែល Cambodia Daily បានចុះផ្សាយនោះទេ។
ការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ជាការឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត Cambodia Daily ក្រោមចំណងជើងថា ពលករខ្មែរប្រព្រឹត្តអំពើចោរកម្ម ដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
បើកតាមស្ថានទូតកម្ពុជា, បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូន សរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិអត់ការងារធ្វើដូចដែល Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏ មានកម្មសិក្សាការីខ្មែរមួយចំនួនតូចបានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញរបស់ មេខ្យល់។
ការរត់ចេញពីកន្លែងធ្វើការពុំមែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមក ស្ថានទូតបានជួបជាមួយក្រសួង-ស្ថាប័នជប៉ុន ហើយបានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូស ទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុនដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើ ការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួន។
ចំពោះការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី ស្ថានទូតតែងសហការជាមួយ សមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបញ្ចូនខ្មែររៀបចំកម្មវិធីចុះប្រឹក្សាយោបល់ និងណែនាំ ដល់កម្មសិក្សាការីឱ្យបានជ្រួតជ្រាបពីផលវិបាកនៃការរត់ចេញពីកន្លែងធ្វើការ និងយន្តការផ្ដល់សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញខ្មែរ តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធ រួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនបញ្ជូនខ្មែរ សមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពជប៉ុន ក្រសួងយុត្តិធម៌ជប៉ុន និងអង្គការគ្រប់គ្រងកម្មសិក្សាការី បច្ចេកទេស (OIIT) ដើម្បីដោះស្រាយបញ្ហាការងារ និងការរស់នៅឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ។ ចំពោះអំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមកនោះ គឺការលួចកាត់ខ្សែភ្លើង Solar (ពុំមែនខ្សែភ្លើងធ្វើឱ្យស្ថានីយ៍រថភ្លើងលែងដំណើរការនោះទេ) ដែលការលួចកាត់នេះមានការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះទេ និងក៏ពុំមែនមានតែអតីតកម្មសិក្សាការីខ្មែរនោះដែរ។
ស្ថានទូតកម្ពុជាបានអះអាងទៀតថា សហជីពដែលបានផ្ដល់ព័ត៌មានដល់កាសែត The Cambodia Daily ពុំមែនជាសហជីពទទួលបន្ទុកការពារសិទ្ធិពលករខ្មែរដូចដែលបានអះអាងនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្ម សិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនរបស់ខ្លួន ដោយពុំពិភាក្សា ឬផ្សះផ្សាជាមុន ជាពិសេសពុំដែលទំនាក់ ទំនងមកស្ថានទូតទេ (សហជីពមានបុគ្គលិកខ្មែរដែលមាននិន្នាការគាំទ្រអតីតគណបក្សសង្គ្រោះជាតិ)។
ដោយឡែកករណីធ្វើអត្តឃាតរបស់កម្មសិក្សាការីក្នុងឆ្នាំ ២០២២ មិនមែនដោយសារការរងសម្ពាធ ការងារ ទើបបានគេរត់ចេញនោះទេ គឺជាការចាញ់បោករត់តាមមេខ្យល់ទៅធ្វើការខុសច្បាប់។ មុនពេលធ្វើ អត្តឃាតជនរងគ្រោះបានប្រឹក្សាយោបល់ជាមួយបុគ្គលិកមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់កម្មសិក្សាការី បរទេសរបស់អង្គការ OTIT និងទំនាក់ទំនងក្រុមហ៊ុនដែលធ្លាប់ធ្វើការ ដើម្បីស្នើសុំអនុញ្ញាតចូលធ្វើការវិញ បន្ទាប់ពីបានរត់តាមមេខ្យល់ប្រមាណមួយសប្ដាហ៍។ តំណាងក្រុមហ៊ុនបានទទួលពាក្យស្នើសុំទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រោងឯកភាពទទួលចូលធ្វើការវិញ ក៏ប៉ុន្តែជាអកុសលជនរងគ្រោះបានធ្វើ អត្តឃាតបាត់ទៅហើយ។
ក្រុមការងារស្ថានទូត ក៏បានចូលរួមកម្មវិធីបូជាសព និងយកថវិកាចូលបុណ្យសព ក៏ដូចជាសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនជប៉ុនចាត់ចែងបុណ្យសព និងបញ្ជូនធាតុទៅប្រទេសខ្មែរ តាមសំណូមពររបស់គ្រួសារសពផងដែរ៕