(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន ដែលបានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: នៅពេលនេះ បានធូរស្រាល និងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភថវិកាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយនឹងការចំណាយព្យាបាលដោយថវិកា ប.ស.ស របស់រាជរដ្ឋាភិបាល។

ក្នុងការព្យាបាលនេះ លោកព្រឹទ្ធាចារ្យ ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល ដែលធ្វើឱ្យស្ថានភាពជំងឺរបស់លោកគ្រូព្រឹទ្ធាចារ្យ បានធូរស្រាល និងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។

បន្ទាប់ពីធូរស្រាលនេះ លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្ដដឹកនាំកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕