(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានក្រើនរំលឹកបន្ថែមដល់ក្រុមការងារត្រូវតែខិតខំបបម្រើ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកស្រី ឃួន ឃុន ឌី ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សស្រុកកំពង់ស្វាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ។
លោកស្រីបានលើកឡើងថា ជ័យជំនះដែលយើងទាំងអស់គ្នាទទួលបានក្នុងការបោះឆ្នោតអាណត្តិទី៧នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ភូមិ ឃុំ ស្រុកដែលបានលះបង់ពេលវេលាដ៏មានតម្លៃយ៉ាងសស្រាក់សស្រាំនៅតាមតំបន់មូលដ្ឋានរៀងៗខ្លួនព្រមទាំងសិក្សាស្វែងយល់នៅបញ្ហាប្រឈមនានានៅក្នុងតំបន់មូលដ្ឋានរបស់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាជូនដល់ពួកគាត់បានទាន់ពេលវេលាដោយមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយទោះបីបើគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនលើសលប់យ៉ាងណាក៏ដោយក៏យើងត្រូវតែខិតខំរកដំណោះស្រាយជូនដល់ពួកគាត់ដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកស្រីបានបន្ថែមថា ក្នុងនាមជាប្រធានក្រុមការងារទាំងអស់ត្រូវធ្វើយ៉ាងណារក្សាឱ្យបាននៅអំពើល្អតទៅទៀតដើម្បីជាភស្តុតាងដ៏រឹងមាំក្នុងការបម្រើការពារជូនដល់បងប្អូននៅតាមមូលដ្ឋានព្រមទាំងជាគំរូដ៏ល្អនឹងដើម្បីពង្រឹងគុណភាពរបស់សមាជិកបក្សរបស់យើងឱ្យកាន់តែរឹងមាំនិងមានទំនុកចិត្តខ្ពស់។
លោកស្រីក៏បានកោតសរសើរចំពោះយុវជនគណបក្ស និងអ្នកសង្កេតការគណបក្សដែលមានសេចក្តីក្លាហានក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតអាណត្តិទី៧នេះ ដែលទាំងអស់នេះ គឺជាមូលហេតុដ៏ចម្បងជំរុញឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើសលុបនេះក៏ដោយសារតែកម្លាំងសាមគ្គីគណបក្សមានភាពរឹងមាំចាស់ទុំ បានបង្ហាញឱ្យយើងដឹងអំពីកម្លាំងសាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាហើយយើងក៏មិនត្រូវបាក់ទឹកចិត្តចំពោះអ្វីដែលកំពុងកើតឡើងនោះដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា នៅថ្ងៃខាងមុខនេះ និងមានការរៀបចំរាជរដ្ឋាភិបាលអាណិតថ្មីដូចនេះអាជ្ញាធរដែនដីទាំងអស់ត្រូវតែក្តាប់ឱ្យបាននៅសភាពការណ៍តាមតំបន់មូលដ្ឋានរៀងៗខ្លួន។
នៅចុងបញ្ចប់នៃកម្មវិធីលោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិក សមាជិកាគណបក្សទាំងអស់មានសុខភាពល្អនឹងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់៕