(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរសារធាតុញៀន ដោយចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិចិន (តៃវ៉ាន់) ម្នាក់ ជាមួយថ្នាំញៀន ៨គីឡូក្រាម ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១៖៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុច ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន (តៃវ៉ាន់) ដកហូតសារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧.៩៤៤ក្រាម និងទូរស័ព្ទ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា មន្ត្រីជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ បានខិតខំចុះបង្ក្រាបបានបទល្មើសគ្រឿងញៀនយ៉ាងសស្រាក់សស្រាំ ដោយមិនគិតពីការនឿយហត់ឡើយ ដែលករណីខ្លះបានរងរបួស និងខ្លះទៀតបាត់បង់ជីវិតក៏មាន។

ជាមួយគ្នានេះនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេសឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀនករណីធំៗជាច្រើ​នជាបន្តបន្ទាប់។

បន្ថែមលើពីនេះ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជំរុញណែនាំឱ្យកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា និងដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តកាន់ខ្លាំងថែមទៀត ក្នុងការបោសសំអាត និងបង្ក្រាបគ្រឿងញៀនឱ្យអស់ដោយមិនរុញរាឡើយ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា កម្លាំងសម្ងាត់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យអស់៕