(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំឈើទាល ឃុំស្វាយធំ និងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន១២១៨នាក់ (ស្រី៧០៩នាក់)។

ពិធីនេះក៏មានការចូលរួមពីលោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងក្រុមការងារ និងលោកស្រីអភិបាលរងស្រុកស្វាយជ្រំ ព្រមទាំងអាជ្ញាធរដែនដី។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានឱ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ចំនួន៦៥នាក់ ស្ត្រី១៩នាក់ បានចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៣ឃុំ គឺឃុំឈើទាល ឃុំស្វាយធំ និងឃុំគ្រួស នៃស្រុកស្វាយជ្រំ ដែលជាការគិតគូររបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានសង្កត់ធ្ងន់ថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន៩៩៧នាក់, ជំងឺទូទៅកុមារ បានចំនួន៧២នាក់, ជំងឺស្ត្រីចំនួន៥៦នាក់, អេកូសាស្រ្តចំនួន៣០នាក់, វះកាត់តូចចំនួន១៥នាក់, ជំងឺភ្នែកចំនួន២០នាក់ និងសុខភាពមាត់ធ្មេញចំនួន១៥នាក់ ត្រចៀក ច្រមុះបំពង់ក១០នាក់និងសង្គ្រោះបឋមបាន១នាក់ ព្រមទាំងចាក់ថ្នាំកូវីដ១៩ដូសទី៤ បានចំនួន១នាក់ ដូសទី៦ បានចំនួន១នាក់ផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុយ ថន ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាសម្ដេច និងលោកអភិបាលខេត្ត តែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយក៏បានផ្ដាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពគឺជាកត្តាចម្បងមួយ សម្រាប់ការរស់នៅប្រចាំថ្ងៃ។

លោកបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឱ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

បន្ថែមលើសពីនេះលោក អ៊ុយ ថន ក៏បានបង្ហាញអំពីការរីកចម្រើននៅក្នុងខេត្តស្វាយរៀង ដែលរដ្ឋបាលខេត្តកំពុងគិតគូរ ធ្វើឱ្យស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ ខាងត្បូង នឹងក្លាយទៅជាតំបន់កសិកម្មទំនើប ដោយស្ថានភាពនាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងតម្រូវការអង្ករពីកម្ពុជាមានតម្លៃខ្ពស់ ឥឡូវរកអង្ករលក់មិនចង់បានផង ចំណែកស្រុករមាសហែក ស្រុករំដួល ស្វាយទាប ជាតំបន់កសិឧស្សាហកម្ម ហើយក្រុងបាវិត ស្រុកចន្ទ្រា ក្រុងស្វាយរៀងជាតំបន់ ឧស្សាហកម្មជឿនលឿន។

លោកថា គ្រាន់តែក្រុងបាវិតមួយ មានរោងចក្រ សហគ្រាស២៥៦រោងចក្រ ដែលអាចស្រូប យកកម្មករ កម្មការិនីបានប្រមាណ ១០៧,០០០នាក់ ចំណូលក្នុង១ខែ បានប្រាក់ចូលដល់កម្មករ កម្មការិនី ប្រមាណ ២៨លានដុល្លារ ទាំងនេះជាការគិតគូរបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្ត ដើម្បីឱ្យកម្មករ កម្មការិនី មានប្រាក់ចំណូល បង្កើនជីវភាពរស់នៅ ប្រចាំថ្ងៃឱ្យកាន់តែធូរធារបានមួយកម្រិតទៀតផងដែរ។

លោកបានបន្តថា នៅឆ្នាំ២០២៤នេះ ក្រសួងកសិកម្មនិងបញ្ជូនមន្ត្រីកសិកម្មចុះមកដល់មូលដ្ឋានរបស់ខេត្តយើង ដើម្បីបង្រៀនដាំដុះដំណាំស្រូវនិងដំណាំផ្សេងៗទៀត ឱ្យមានគុណភាពខ្ពស់និងទិន្នផលច្រើន លក់បានថ្លៃ និងកាត់បន្ថយការប្រើប្រាស់ជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះអ្នកដែលមានដីកុំអាល់លក់ ទុកធ្វើកសិកម្មដែលមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខនេះ។

លោកបានបញ្ជាក់ថា ទាំងអស់នេះជាការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយនៅពេលខាងមុខនេះ ប្រទេសកម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតក្រោមដំបូលនៃសុខសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អបន្តរស់នៅ មើលពីការអភិវឌ្ឍប្រទេសដ៏ជឿនលឿនថែមទៀត៕