(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការរួមគ្នាពិនិត្យ និងវាយតម្លៃឱ្យបានត្រឹមត្រូវ លើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន គឺជាមូលដ្ឋានដើម្បីកំណត់ទិសដៅក្នុងការជំរុញ កម្មវិធីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលដែលនឹងដាក់ចេញក្នុងពេលឆាប់ៗនេះ ស្របតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នាថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សស្រុកជាច្រើនរូប។
ក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត បានថ្លែងថា កន្លងមក គឺមានការកសាង និងអភិវឌ្ឍបានសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស រួមមានការសាងសង់សាលារៀន លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ជាសម្ភារៈ និងថវិកា និងសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ពង្រឹងអនាម័យតាមសាលារៀន និងភូមិឋានតាមរយៈការផ្តល់អណ្តូងទឹកស្អាត និងម៉ាស៉ីនចម្រោះទឹកសម្រាប់បរិភោគ ការជួសជុលផ្លូវថ្នល់តាមរយៈយុទ្ធនាការផ្លូវរលោងស្អាតទូទាំងស្រុក ការផ្តល់និងបំពាក់ភ្លើងសូឡា(ភ្លើងទេវតា) តាមផ្ទះ និងតាមមូលដ្ឋាន រួមទាំងពង្រឹងការថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានេះនៅក្នុងទិសដៅឆ្ពោះទៅមុខ លោកបានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តពង្រឹងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព កសាង និងអភិវឌ្ឍបន្ត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់៕