(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ហ៊ុន​ ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំរើសអើងចំពោះអ្នកកើតជំងឺឆ្គួតជ្រូក ជំងឺនេះអាចព្យាបាលជាសះស្បើយ និងគ្មានតពូជនោះទេ ហើយអាចរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារបានផងដែរ។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ បានធ្វើឡើងនៅសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំលើកទី៤ នៃសមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺ អេពីឡឹបស៊ី ក្រោមប្រធានបទ «ជំងឺអេពីឡឹបស៊ី» នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការរើសអើងពិតជារឿងដែលមិនអាចមើលរំលងបាននោះទេ ដោយសារការរើសអើងនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនមិនចង់ដឹង មិនចង់លឺពីជំងឺនេះទេ ហើយនៅពេលដែលពួកគាត់ឈឺ ឬមានញាតិមិត្ត ឈឺជំងឺនេះ ក៏មិនដឹងថាត្រូវធ្វើបែបណា ត្រូវទៅព្យាបាលឯណា។ បែបនេះទើបយើងធ្លាប់សង្កេតឃើញមានគម្លាតដ៏ធំ នៃអ្នកដែលមានជំងឺឆ្កួតជ្រូកនេះ តែមិនបានមកទទួលការព្យាបាលដែលមានប្រសិទ្ធភាព។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្ដថា មែនទែនទៅជំងឺឆ្តួតជ្រូក ត្រូវបានគេស្គាល់តាំងពីយូរលុងណាស់មកហើយ។ ពាក្យថា ឆ្កួតជ្រូក បង្កឱ្យអ្នកជំងឺក៏ដូចជាគ្រួសារមានការអៀនខ្មាស់ ហើយលើសពីនេះការរើសអើង ធ្វើឱ្យអ្នកជំងឺត្រូវរងគ្រោះទ្វេរដង មិនហ៊ានស្វែងរកការព្យាបាលដែលត្រឹមត្រូវនោះទេ។ ក្នុងគ្រាដែលវេជ្ជសាស្ត្រនៅកម្ពុជា មិនទាន់ជឿនលឿន ប្រជាជនតែងផ្សារភ្ជាប់ ជំងឺនេះទៅនឹងជំនឿអរូបិយ ស្វែងរកការព្យាបាលតាមបែបសាសនាមានការសែនព្រេន ។ល។ ហើយរហូតបច្ចុប្បន្នក៏នៅតែមានការអនុវត្តបែបនេះដែរ។

«ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការរើសអើងចំពោះអ្នកជំងឺស្កន់ជ្រូក ហើយបែរមករួមគ្នាជួយអ្នកជំងឺឱ្យទទួលបានការព្យាបាលតាមបែបវេជ្ជសាស្ត្រដែលត្រឹមត្រូវវិញ។ ការចូលរួមនេះមិនមែនត្រឹមតែសាច់ញាតិគ្រួសារនោះទេ អ្នកប្រកបវិជ្ជាជីវៈក្នុងការផ្ដល់សេវាសុខភាព ដែលបានជួបអ្នកជំងឺឆ្គួតជ្រូក រាប់ទាំងគ្រូខ្មែរ ឬអ្នកព្យាបាលតាមវិធីសាសនា នានាក៏ដោយ សូមងាកមកស្វែងយល់ ពីជំងឺឆ្គួតជ្រូកឱ្យបានច្បាស់ ព្រោះថាជំងឺនេះអាចព្យាបាលបាលតាមបែបវេជ្ជសាស្ត្រ ហើយអាចឱ្យអ្នកជំងឺមានការរស់នៅមានជីវភាព ដូចមនុស្សទូទៅ និងអាចរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារបានផងដែរ។ សូមលុបបំបាត់ការយល់ច្រលំថាជំងឺឆ្គួតជ្រូក ជាជំងឺតពូជ និងឈប់រើសអើងអ្នកជំងឺនេះតទៀត ដោយរួមគ្នាណែនាំ និងលើកទឹកចិត្តឱ្យអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ មកទទួលការព្យាបាលដែលត្រឹមត្រូវ ហើយគ្រូខ្មែរ និងគ្រូព្យាបាលតាមបែបសាសនា ក៏ត្រូវចូលរួមផងដែរ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន។

ក្នុងឱកាសនោះលោកក៏បានអំពាវនាវដល់ប្រជាជនគ្រប់រូប ឱ្យចូលរួមប្ដូរការហៅឈ្មោះថា ជំងឺឆ្កួតជ្រូកនេះមកជា ហៅថា «ជំងឺអេពីឡឹបស៊ី»។ សូមចងចាំថា ជំងឺអេពីឡឹបស៊ី ដែលភាគច្រើនស្ដែងចេញជាអាការៈប្រកាច់ ម្តងហើយជាថ្មីម្តងទៀតនេះ ជំងឺអេពីឡឹបស៊ី គឺជាជំងឺដែលអាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព ហើយអាចស្វែងរកការព្យាបាលបាននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋដែលនៅក្បែរបងប្អូនទាំង អស់គ្នា៕