(ភ្នំពេញ)៖ សមាគមនិស្សិតសិក្សាផ្នែកវិស្វកម្ម និងស្ថាបត្យកម្មនៅប្រទេសចិន បានរៀបចំពិធីជួបជុំអាហារសាមគ្គី ដើម្បីរំលែកបទពិសោធន៍ ពីឱកាសការងារ និងជំនួញបន្ថែម ដើម្បីជំរុញការអភិវឌ្ឍវិស័យវិស្វកម្ម នៅកម្ពុជា។

ពិធីជួបជុំរបស់និស្សិតដែលបញ្ចប់ការសិក្សា ផ្នែកវិស្វកម្មនៅប្រទេសចិន បានរៀបចំឡើងនាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ទេស រុក្ខាផល អគ្គលេខាធិការនៃក្រសួងការងារ និងតំណាងក្រុមហ៊ុនចិនធំៗចំនួន ១២ផ្សេងទៀត។

លោក ទេស រុក្ខាផល បានបង្ហាញការគាំទ្រ ក្នុងការបង្កើតឲ្យមានការជួបជុំនេះឡើង និងជំរុញឱ្យអតីតនិស្សិតទាំងអស់ បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីជាចលករបន្ថែម ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ជាពិសេសក្នុងសម័យនៃថ្នាក់ដឹកនាំជំនាន់ថ្មីរបស់កម្ពុជា។

លោកបន្ថែមថា មិនតែប៉ុណ្ណោះត្រូវចូលរួមបន្ត និងពង្រឹងទំនាក់ទំនងរវាងជនជាតិខ្មែរ និងជនជាតិចិន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស តាមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។

លោក ថៃ សុគន្ធ តំណាងនិស្សិតនិងអតីតនិស្សិតទាំងអស់បានឱ្យដឹងថា ពិធីជួបជុំនេះ បានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនង និងសាមគ្គីភាពរវាងនិស្សិតនិងអតីតនិស្សិត ដែលបញ្ចប់ការសិក្សាមកពីប្រទេសចិន ឲ្យកាន់តែល្អប្រសើរ និងប្រមូលធនធានមនុស្សផ្នែកវិស្វកម្មបច្ចេកទេស សំរាប់ចូលរួមអភិវឌ្ឍសង្គមជាតិទៅថ្ងៃមុខ តាមរយៈការចូលរួមធ្វើ ចូលរួមពិគ្រោះ និងផ្តល់មតិ និងការអនុវត្តគម្រោងផ្ទាល់។ ព្រមទាំងភ្ជាប់ទំនាក់ទំនងសមាជិករបស់សមាគម ទៅវិស័យឯកជន និងស្ថាប័នរដ្ឋ និងផ្តល់ឱកាសការងារ និងជំនួញបន្ថែម និងដើរតួជាស្ពានចម្លងរវាងនិស្សិតយើង និងក្រុមហ៊ុនចិននានា។

លោកបានបញ្ជាក់ថា មកដល់ពេលនេះមាននិស្សិត ដែលបានចុះឈ្មោះចំនួនជាង ២០០នាក់ ដែលពួកគាត់សុទ្ធតែជានិស្សិត ដែលទទួលបានអាហារូបករណ៍ សិក្សាផ្នែកវិស្វកម្ម និងស្ថាបត្យកម្មនៅប្រទេសចិន ហើយបានចូលរួមនិងកំពុងចូលរួម នៅក្នុងគំរោងកសាងធំៗជាច្រើន ដូចជាសំណង់ព្រលានយន្តហោះ គំរោងផ្លូវល្បឿនលឿន គំរោងសាងសង់ស្ពានឆ្លងទន្លេ គំរោងកំពង់ផែ គំរោងអគារខ្ពស់ៗ និងសំណង់ធារាសាស្រ្តនិងវារីអគ្គីសនីជាច្រើនផ្សេងទៀត។

លោកបន្ថែមថា «ធនធានមនុស្សទាំងអស់នេះ ជាសក្ខីភាពបញ្ជាក់ថា បច្ចុប្បន្នយើងមានធនធានមនុស្សគ្រប់គ្រាន់ ដែលមានសមត្ថភាពក្នុងការសាងសង់ស្ពានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដោយខ្លួនឯង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិយើង ទៅថ្ងៃខាងមុខ»