(ស្វាយរៀង)៖ លោកស្រី ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់នៅស្រុកស្វាយទាបទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសត្រូវឆ្លើយតបរាល់ការសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។
ការថ្លែងជំរុញបែបនេះរបស់លោកស្រី ភឿង សកុណា បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
លោកស្រី ភឿង សកុណា បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាក់ស្ដែងការចូលរួមរបស់ក្រុមការងារ គ្រប់ផ្នែកទាំងកម្លាំងកាយនិងគ្រប់មធ្យោបាយ និងបានចូលរួមចំណែកយ៉ាងសកម្មជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រីបានផ្តាំផ្ញើដល់ក្រុមការងារត្រូវចុះជាប់ឲ្យដល់មូលដ្ឋានជាប្រចាំដើម្បី ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិ ឃុំ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាពប្រទេសជាតិ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចិរភាព និងវិបុលភាពផងដែរ។
បន្ថែមលើសពីនេះ លោកស្រីក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំដោះស្រាយសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសេវាទៅតាមការសំណូមពរ ក៏ដូចជាសេវាតម្រូវការចាំបាច់នានាមូលដ្ឋាន ជាពិសេសរាល់សេវាដែលមិនអាចដោះស្រាយបានត្រូវរាយការណ៍ជូនក្រុមការងារចុះជួយឃុំ ស្រុក ខេត្ត ដើម្បីឆ្លើយតបបន្ទាន់ណាមួយឲ្យមានប្រសិទ្ធភាពផងដែរ៕