(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវខិតខំថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាល ការសិក្សារៀនសូត្រអំពីវប្បធម៌ អក្សរសាស្ត្រឱ្យបានច្រើនឡើង។

លោកអភិបាលស្រុកណែនាំដូច្នេះក្នុងពិធីអភិសេករូបសំណាកសម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និងរូបសំណាកព្រះភិរម្យភាសាអ៊ូ (ហៅ​ ង៉ុយ) នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា «សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និងព្រះភិរម្យភាសាអ៊ូ បានលះបង់កាយពលមួយជីវិតរបស់លោកទាំងពីរ ដើម្បីអក្សរសាស្ត្រជាតិវប្បធម៌ជាតិ ជាពិសេសគឺជាស្ថាបនិកនៃសៀវភៅវចនានុក្រមខ្មែរ ដែលបានដាក់ឱ្យប្រើប្រាស់ និងយកជាគោលក្នុងការប្រើភាសាជាតិជាទូទៅនៅក្នុងប្រទេសជាតិកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយនេះផងដែរ លោកក៏បានរំលឹកបន្ថែមដល់សិស្សានុសិស្ស ក៏ដូចជាអ្នកសិក្សាគ្រប់រូបត្រូវសិក្សារៀនសូត្រនិងប្រើប្រាស់អក្សរសាស្ត្រ ភាសាជាតិ ដែលជាគេមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរឲ្យបានត្រឹមត្រូវ ដើម្បីលើកតម្កើងគុណតម្លៃនៃអក្សរសាស្ត្រ ក៏ដូចជាវប្បធម៌ជាតិឱ្យបានរុងរឿងផងដែរ។

លើសពីនេះ លោក សាយ គឹមឡម ក៏បានណែនាំដល់សិស្សានុសិស្ស និងអ្នកសិក្សារៀនសូត្រត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យមានចំណេះដឹងពិតប្រាកដជាសិស្សពូកែ សិស្សល្អ មិត្តល្អ ជាកូនល្អ ជាទំពាំងស្នងឫស្សីជា អ្នកស្នងវាសនាអនាគតប្រទេសជាតិ ហើយត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងនាំគ្នាចូលរួមអភិវឌ្ឍន៍សង្គមផងដែរ។

លោកអភិបាលស្រុកបានផ្ដាំផ្ញើឱ្យលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលត្រូវពង្រឹងវិន័យសីលធម៌ដល់សិស្សានុសិស្ស តាមដានការសិក្សារបស់កូនចៅរបស់ខ្លួន ទាំងនៅសាលារៀន និងនៅគេហដ្ឋានឱ្យកុំប្រព្រឹត្តនៅល្បែងអបាយមុខនានា ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ ខាតបង់ពេលវេលា អស់ទាំងទ្រព្យសម្បត្តិ ប៉ះពាល់កិត្តិយសឪពុកម្ដាយ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងអាចឱ្យខូចអនាគតខ្លួនឯងផងដែរ៕