Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានគយ​ប្រចាំ​ច្រកកាប៊ីន ផឹកស៊ីស្រវឹង​កើតជម្លោះ រត់​ទៅយកកាំភ្លើង​ចង់បាញ់​គូជម្លោះ តែត្រូវគេ​ជួយទប់ស្កាត់​ទាន់​

05-08-2016 16:52

(បាត់ដំបង)៖ អនុប្រធានគយប្រចាំច្រកកាប៊ីន ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង លោក ជេត ប៊ុនរិទ្ធ រត់ទៅយកកាំភ្លើងខ្លី មកចង់បាញ់គូជម្លោះរបស់ខ្លួន ដែលជាមន្រ្តីគយដូចគ្នា ខណៈដែលពួកគេកំពុងផឹកស៊ីតាំង ពីវេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោងជាង ៣រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

ការប៉ងបាញ់ប្រហារទៅលើគូ ជម្លោះរបស់ខ្លួនមានឈ្មោះ វ៉ាន ដែលជាមន្រ្តីគយផងនោះ ត្រូវបានអ្នកចូលរួមផឹកស៊ី រួមទាំងមន្រ្តីនគរបាលស្រុកភ្នំព្រឹក្សផងនោះ បានជួយទប់ស្កាត់ទាន់ពេល។

បុរសម្នាក់ដែលអះអាងថា បានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានប្រាប់អង្គភាព Fresh Newsថា នៅវេលាថ្ងៃត្រង់នេះ នៅផ្ទះលោក វ៉ាន ដែលជាមន្រ្តីគយផងនោះ តែមិនមែនធ្វើការ នៅច្រកកាប៊ីននេះទេ ស្ថិតនៅឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក្ស មានចម្ងាយប្រមាណ២០០ម៉ែត្រពីច្រកកាប៊ីន បានរៀបចំកម្មវិធីហូបចុកមួយដោយមានគ្នាជិត១០នាក់ ក្នុងនោះមានទាំងលោក ជេត ប៊ុនរិទ្ធ អនុប្រធានច្រក និងមន្រ្តីនគរបាលស្រុកភ្នំព្រឹក្ស (ប្រហែលលោកអធិការស្រុក)។

ប្រជាលរដ្ឋរូបនេះ បានបន្តទៀតថា «ពេលកំពុងផឹកស៊ីនោះស្រាប់តែ ពួកគេកើតជម្លោះ រហូតគប់កែវទៅវិញទៅមក រវាងលោក ជេត ប៊ុនរិទ្ធ និងម្ចាស់ផ្ទះឈ្មោះ វ៉ាន។ ភ្លាមៗនោះស្រាប់តែលោក ជេត ប៊ុនរិទ្ធ បានរត់ទៅយកកាំភ្លើងខ្លីនៅទីស្នាក់ការ មកចង់បាញ់ប្រហារទៅគូជម្លោះ តែត្រូវអ្នកដែលចូលរួមផឹកស៊ីនោះជួយឃាត់ទាន់»

យ៉ាងណាក៏ដោយ សម្រាប់ការឈ្លោះទាស់ទែងគ្នានេះ គេមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះឡើយ ប៉ុន្តែកាំភ្លើងខ្លី របស់អនុប្រធានគយត្រូវមន្រ្តីនគរបាល នៅអធិការស្រុកដកហូតទុកហើយ។ អង្គភាព Fresh News មិនទាន់អាចស្វែងរក ព័ត៌មានបន្ថែមពី សមត្ថកិច្ចមូលដ្ឋានបាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕