(រតនគិរី)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បន្តបើកសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសរសើរសម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលបានអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ការមេរោគអេដស៍ជំងឺអេដស៍នៅកន្លែងធ្វើការ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលសំដៅចូលរួមលើកកម្ពស់លក្ខខណ្ឌសុខភាព និងអនាម័យនៅកន្លែងធ្វើការនៅខេត្តរតនគិរី។

លោក ដែន ចាន់ថន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តរតនគិរី បានថ្លែងថា ខេត្តនៃភូមិភាគឦសាន្តមួយនេះជាខេត្តទេសចរណ៍ធម្មជាតិ ការរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវការបង្ការទប់ស្កាត់គ្រឿងញៀន និងអេដស៍ ជាការងារសំខាន់ដើម្បីបង្កើនការទាក់ទាញពីភ្ញៀវទេសចរ។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការពង្រឹងបាននូវចំណេះដឹងពីបញ្ហាគ្រឿងញៀនយើងនឹងអាចបង្ការការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ផងដែរ។

លោក ហ៊ុយ ហានសុង បានថ្លែងពីសារបាននៃការកកើតនូវប្រកាសលេខ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្ដីណែនាំលេខ០០៨ និងវត្តមានមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្លាំងងអ៊ុនតាក់ UNTAC ក្នុងពេលបំពេញបេសកកម្មនៅលើទឹកដីប្រទេសកម្ពុជា និងការរីករាលដាលបញ្ហាគ្រឿងញៀន ហើយការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ គ្រឿងញៀនឲ្យមានប្រសិទ្ធភាពក្នុងវិស័យការងារ គឺជាភារៈកិច្ចចម្បងនិងជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីរក្សាបាននូវគុណភាព ប្រសិទ្ធភាព និងនិរន្តភាពការងារ។

ថ្លែងក្នុងនាមលោក អ៉ិត សំហេង រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោកវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ បានថ្លែងអំណរគុណ កោតសសើរដល់ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្តរតនគិរី ដែលបានចូលរួមអនុវត្តតាមខ្លឹមសារប្រកាស០៨៦ លេខ១៩៤ និងសេចក្តី ណែនាំ០០៨ មានវឌ្ឍនភាពនៃការឆ្លើយតបកាត់បន្ថយបាននូវការរីករាលមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ និងសូមបន្តរួមគ្នាដើម្បីពង្រឹងគុណភាពផ្នែកសុខភាពនិងអនាម័យការងារ ថែរក្សាកម្លាំងពលកម្មដែលមានសក្តានុពលដល់ការជួយជ្រោងសេដ្ឋកិច្ចជាតិ បន្តរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស ក្រោមម្លប់រាជរដ្ឋាភិបាលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕