(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សំ ស៊ា គណ:កម្មាធិការគណបក្សក្រុងក្រចេះ រួចមកលោកប្រធានបានមានចំណាប់អារម្មណ៍ថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទូទាំងប្រទេសគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជាកាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។
លោកបន្ដថា ឬសកែវពួក សម រង្សី បានបាត់បង់ ប្រជាជជន ក៏លែងខ្វល់ពីវត្តមាន មាន ឬ មិនមានវត្តមានរបស់ក្រុមទណ្ឌិត សម រង្សី ទៀតហេីយ ដូចនេះហើយពួកយេីងក៏កុំទៅរំលឹកឲ្យពលរដ្ឋបានឮទៀតដែរ។ ភាពទាក់ទាញនៃកម្មវិធីនយោបាយដែលចាក់ដោតបេះដូងរបស់ប្រជាជន គឺគោលនយោបាយលេីកកំពស់ជីវភាពប្រជាជនកម្ពុជា។ យុគសម័យ ឌីជីថល នឹងធ្វេីអោយឆាកនយោបាយកាន់តែលំបាកក្នុងការគ្រប់គ្រងស្ថេរភាពនយោបាយ (បទពិសោធន៍ ក្រុងហុងកុង ប្រទេសភូមា ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ដែលសុទ្ធតែមានអង្គបោះឆ្នោតវ័យក្មេងភាគច្រេីន)។
លោក ឈឿន ប៊ុណ្ណារ័ត្ន ជំរុញការចុះបញ្ជីដី និងសេវាផ្សេងៗ ឲ្យបានកាន់តែល្អប្រសើរ ហើយត្រូវរឹតបន្តឹងបន្ថែមទៀត ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង, ពង្រឹងគណនីយ្យភាព ឃុំ សង្កាត់ ត្រូវបម្រើតម្រូវការប្រជាជនពលរដ្ឋក្នុងមូលដ្ឋាន, ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឲ្យបានចប់ក្នុងអាណត្តិទី៧នេះ, ជំរុញក្នុងការចេញប័ណ្ណកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់ចប់, ពង្រឹងបន្ថែមសេវាសុខាភិបាល, ត្រូវបណ្ដុះបណ្ដាលបន្ថែមមន្ត្រីគណបក្សថ្មីៗ, បន្តធ្វើល្អបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន, គណបក្សមូលដ្ឋានត្រូវអភិវឌ្ឍភូមិឃុំអោយល្អប្រសើរក្នុងការបម្រើប្រជាជនតាមវិជ្ជាជីវៈ។
ក្នុងឱកាសនេះ លោកបានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ចំនួន៥៨០សន្លឹក និងបានប្រគល់ប្រាក់រង្វាន់ភូមិខ្លាំងទាំង១៩ភូមិ អស់ថវិកាចំនួន៤៥,០០០,០០០រៀល សង្កាត់ខ្លាំងទាំង ៥សង្កាត់អស់ថវិកាចំនួន ១៧,០០០,០០០រៀល និងបានឧបត្ថម្ភគណៈកម្មការគណបក្សក្រុងចំនួន ៥,០០០,០០០រៀល។
ដោយឡែក លោក អ៊ុយ ភារក្ស បានឧបត្ថមអំពូលសូឡា និងបង្គោល ចំនួន១០ឈុត ជូនដល់អនុវិទ្យាល័យកោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ សរុបថវិការអស់ចំនួន២,៨៥៣,០០០រៀល៕