Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ហើយ រួចបញ្ជូនទៅដៃចៅក្រម

05-08-2016 16:29

(ភ្នំពេញ)៖ មេខ្លោងជួញដូរគ្រឿងជាង១៤គីឡូក្រាម ដែលជាជនជាតិថៃ ត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ជាផ្លូវការហើយតាមមាត្រា៤០ច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន​ បានបញ្ជូនទៅកាន់តុលាការនាព្រឹកមិញ។

ក្រោយបញ្ចប់ការចោទប្រកាន់រួច មេក្លោងជួញដូរគ្រឿងញៀន ខាងលើនេះត្រូវបានបញ្ជូនទៅកាន់ចៅក្រមលោកស្រី ស៊ លីណា ដើម្បីបន្តសួរនាំចាត់ការបន្តទៀត។ សូមបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹបអូសគ្រឿងញៀនជាមួយថ្នាំជាង១៤គីឡូក្រាម ដែលជាចំនួនច្រើនលើសលប់ ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ៕