(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត បានផ្ញើសាររំលែកទុក្ខ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី និងក្រុមគ្រួសារ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ហេង លាង ដែលជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី។

ក្នុងលិខិតរំលែកទុក្ខរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត មានខ្លឹមសារដូច្នេះថា «តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម សេង ផល្លី សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល អំពីដំណឹងនៃការបាត់បង់ ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង ដែលត្រូវជាម្តាយបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:២៦ នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបីបាច់ថែរក្សាបុត្រា បុត្រី ឱ្យក្លាយទៅ ជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តី ក្រៀមក្រំយ៉ាងក្រៃលែងពោរពេញ ដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ ដោយក្តីសង្វេគជាពន់ពេក។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហេង លាង សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕