(ភ្នំពេញ)៖ មិនដល់២៤ម៉ោងផងនោះ ជនដៃដល់ដែលចាក់សម្លាប់ប្រពន្ធ ដោយសារតែជម្លោះក្នុងគ្រួសារ ហើយរត់គេចខ្លួនជាមួយកូនប្រុសអាយុ៦ឆ្នាំនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ពេលជនសង្ស័យកំពុងអង្គុយផឹកស៉ី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានបញ្ជាក់ថា ក្រោយកើតហេតុកម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានស្រាវជ្រាវរហូតដល់កំណាត់មុខសញ្ញាឃើញនៅមូលដ្ឋានខណ្ឌច្បារអំពៅ និងបានសហការជាមួយអាជ្ញាធរអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះឃាត់ខ្លួនតែម្ដង។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមរំលឹកថា បុរសម្នាក់កាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ដេក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបីកូនអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុប្រហែលម៉ោង១០យប់ គេលឺសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លេចនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ ហើយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហាា ឆ្នាំ២០២៣នេះ ជនរងគ្រោះបានស្លាប់បាត់ហើយ។
ដោយឡែក បុរសជាប្ដីត្រូវបានគេស្គាល់ឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ហើយប្រពន្ធក៏ជាជនជាតិវៀតណាមដូចគ្នាដែរ។ បច្ចុប្បន្នពួកគេមានកូន២នាក់ ហើយកូនប្រុសម្នាក់អាយុប្រហែល៦ឆ្នាំ ត្រូវបានឪពុកដែលជាជនដៃដល់នាំយកទៅជាមួយ នៅពេលរត់គេចខ្លួនក្រោយចាក់ប្រពន្ធ៕