(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ដើម្បីជាភាពកក់ក្តៅក្នុងចិត្តអាជីវករផ្សារពោធិ៍សាត់ លោកនឹងចេញលិខិតបញ្ជាក់ជូនអាជីវករទាំងអស់ ដោយអនុញ្ញាតឲ្យលក់ដូរអស់មួយជីវិត តកូនតចៅ ហើយលិខិតបញ្ជាក់នេះបងប្អូនអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចគ្រួសារបាន។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាស លោកអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ជាពិសេសឆ្លើយតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់ឲ្យអាជ្ញាធរផ្សារទាំងឡាយណា ដែលសម្តេចជួយសាងសង់កន្លងមក ត្រូវចេញលិខិតបញ្ជាក់មួយច្បាស់លាស់ ជូនបងប្អូប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារនោះ លក់ដូរគ្នានអាណត្តិ ឬលក់ដូរតកូនតចៅជារៀងរហូត។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក ជាពិសេសត្រួតពិនិត្យលើការរៀបចំកាមេរ៉ាសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលមកផ្សារពោធិ៍សាត់យើង ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយឲ្យខាងតែបាន។ ជាមួយគ្នានោះ ដំបូលផ្សារពោធិ៍សាត់ដែលមានបញ្ហាលេចសាច លោកបានចាត់ឲ្យភាស៊ីចុះពិនិត្យឲ្យច្បាស់ និងសម្រួលជូនបានទាន់ពេលវេលា។
ចំពោះដំបូលផ្សារប៉ែកខាងលិច លោកនឹងចាត់ឲ្យជំនាញធ្វើការសិក្សាប្លង់ជាមុនសិន ទើបអាចសម្រេចសាងសង់ជូន។ សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានជួយសាងសង់ផ្សារជាច្រើនជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ជាក់ស្តែងផ្សារខេត្តពោធិ៍សាត់នេះតែម្តង គឺជាផ្សាររបស់សម្តេច ហើយបងប្អូនអាចលក់ដូរអស់មួយជីវិត តកូនតចៅ និងអាចយកទៅបញ្ចាំ ឬដាក់តម្កល់នៅមីក្រូហិរញ្ញវត្ថុ ដើម្បីយកថវិកាមកបង្កើនអាជីវកម្ម ក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចគ្រួសារបាន៕