(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការ ជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងខេត្តព្រះសីហនុ និងខេត្តតៃនិញ វៀតណាម។

ក្នុងនោះ មានការចូលរួមពីលោកអភិបាលរងក្រុង អនុប្រធានមន្ទីរ ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសមាគមសណ្ឋាគារខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្ត៤ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក បានបញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតនៅឆ្នាំ២០១១។

កត្តាទាំងនេះ បានជួយជំរុញចក្ខុវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីផ្សារហិរញ្ញវត្ថុ ក្រៅពីនេះកត្តាភូមិសាស្ត្រខេត្ត និងសក្តានុពលខេត្តព្រះសីហនុ ក៏មានឧទ្យានជាតិ កោះ ឆ្នេរសមុទ្រស្រស់ស្អាត និងធនធានបាតសមុទ្រដ៏សម្បុរបែបទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុថែមទៀតផង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿន ដែលជាសរសៃឈាមយ៉ាងសំខាន់តភ្ជាប់រវាងខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុមានភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគមកព្រះសីហនុ។

លោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញ ជាអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ ខេត្តតៃនិញ បានជម្រាបជូន កិច្ចប្រជុំផ្តោតសំខាន់ជំរុញការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ផ្សាភ្ជាប់ទេសចរណ៍ខេត្តព្រះសីហនុ និងខេត្តតៃនិញ (វៀតណាម) ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ខេត្តតៃនិញ ទទួលភ្ញៀវសរុប ៣,៥លាននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរកម្ពុជា ចំនួន ៤៥,០០០នាក់ យើងមានឱកាសជំរុញការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ទីផ្សារទេសចរណ៍រវាងខេត្តទាំងពីរ ភាគីទាំងពីរសម្របសម្រួលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ រវាងប្រទេសទាំងពីរ កិច្ចសហការជាមួយភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ភាគីទាំងពីរធ្វើការផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍ ពីកម្ពុជា មកប្រទេសវៀតណាម និងពីវៀតណាម មកខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នា ដោយសារតែកត្តាភូមិសាស្ត្រ និងសក្តានុពល នៃខេត្តទាំងពីរ ហើយស្របទៅនឹងវិស័យទេសចរណ៍ បានឯកភាពគ្នាជំរុញ និងធ្វើការដោះដូរទេសចរមកពីខេត្តតៃនិញ និងខេត្តព្រះសីហនុ និងឯកភាពដំណើរផ្លាស់ប្តូរទស្សនកិច្ច របស់គណប្រតិភូខេត្តទាំងពីរ ដើម្បីជំរុញលើកកម្ពស់វិស័យទេសចរណ៍ ឲ្យកាន់តែល្អប្រសើរឡើង នាពេលខាងមុខ៕