(ឥណ្ឌូនេស៉ី)៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ នៅទីក្រុងសាម៉ារ៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី ១៥។

ការចូលរួមរបស់អគ្គលេខាធិការអាស៊ាន គូសបញ្ជាក់ពីការគិតគូរ និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងកំណើនរបស់ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម គោលដៅរួម និងកិច្ចសហប្រតិបត្តិការ អាស៊ាន និងប្រទេស កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ត្រៀមខ្លួនបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

ក្រោយមកនៅល្ងាចថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Malaithong Kommasith រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំរបស់ប្រទេសឡាវ ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ជាពិសេស ពិភាក្សាលើគំនិតផ្តួចផ្តើមចំបងៗ និងសមិទ្ធផលដែលអាចសម្រេចបានផ្នែកសេដ្ឋកិច្ច សំដៅពង្រឹងកិច្ចការរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕