(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធចំពោះព័ត៌មានមិនពិត ដែលមានលក្ខណៈមូលបង្កាច់ ហើយបានប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំខេត្ត ពាក់ព័ន្ធនឹងការចុះផ្សាយ របស់សារព័ត៌មាន FiX News ដែលបានផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា «លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ មិនតប តាមការស្នើសុំរបស់ប្រជាពលរដ្ឋ១២គ្រួសារ បែរជាសម្រេចឱ្យបិទផ្លូវទៅវិញ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននាល្ងាចនេះ។
ជុំវិញការចុះផ្សាយខាងលើ រដ្ឋបាលខេត្តពោធិ៍សាត់ លើកឡើងចំនួន៤ចំណុច រួមមាន៖
ទី១៖ ទីតាំងដីដែល លោក ដួង គឹមស៊ុន តំណាងឱ្យប្រជាពលរដ្ឋ ចំនួន១២គ្រួសារ នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្នើសុំបើកជាផ្លូវសាធារណៈមានទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ នោះ តាមការសិក្សាស្រាវជ្រាវ របស់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានបញ្ជាក់ថា ទីតាំងដីស្នើសុំនេះ មិនមែនជាផ្លូវសាធារណៈទេ។
ទី២៖ ទីតាំងនេះលោកស្រី សឿន កុសលនារី បានសង់ផ្ទះ ដើម្បីរស់នៅតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ។
ទី៣៖ កន្លងមក ដោយមានការស្នើសុំពីប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ដែលមានលោក ដួង គឹមស៊ុន ជា តំណាងនោះ អាជ្ញាធរតែងតែខិតខំយកចិត្តទុកដាក់សម្របសម្រួលឱ្យលោកស្រី សឿន កុសលនារី បរិច្ចាកដី របស់ខ្លួន ដើម្បីធ្វើជាផ្លូវច្រក ប៉ុន្តែលោកស្រី សឿន កុសលនារី អះអាងថាប្រជាពលរដ្ឋ ទាំង១២គ្រួសារ មានផ្លូវ ច្រកចេញ-ចូលហើយ លោកស្រី សឿន កុសលនារី មិនបានបិទផ្លូវសាធារណៈ ដូចការចោទប្រកាន់នោះទេ។
និងទី៤៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធ ចំពោះព័ត៌មានមិនពិត ដែលមានលក្ខណៈមូលបង្កាច់ ហើយបានប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋទូទៅ៕