(ពោធិ៍សាត់)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទ ក្នុងការបំពេញសាលាកបត្រព័ត៌មាន ដើម្បីពិនិត្យវាយតម្លៃ នៃការដំឡើងឋានន្តរសក្តិថ្នាក់ជូនមន្ត្រី និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក លោក ស៊ុម សុខម្ភូ អនុរដ្ឋលេខាធិការ តំណាងលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច និងមានការចូលរួមពី លោក រុន សារី អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ច ប្រធានមណ្ឌលអប់រំកែប្រែ អភិបាលរងក្រុង ស្រុក នាយរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីជំនាញ ចំណុះឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។
នាឱកាសនោះដែរ លោក លោក ស៊ុម សុខម្ភូ បានលើកឡើងថា បានបង្កើតក្រុមការងារចំពោះកិច្ច ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការពិនិត្យវាយតម្លៃលើដំណើរការប្រព្រឹត្តទៅ នៃការដំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ចំណុះឱ្យក្រសួងមហាផ្ទៃ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បន្ទាប់ពីលោក រុន សារី បានថ្លែងនូវមតិស្វាគមន៍នោះរួចមក, លោក លោក ស៊ុម សុខម្ភូ បានបញ្ជាក់ថា ការបង្កើតក្រុមការងារចំពោះកិច្ចនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការតំឡើងឋានន្តរសក្តិថ្នាក់ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរៀបចំទម្រង់បែបបទ នីតិវិធី សម្រាប់បម្រើឱ្យការពិនិត្យ វាយតម្លៃ ការតំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល។
លោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្ថែមថា កន្លងម ដែលលើកឡើងថាការបំពេញសាលាកបត្រ និងការប្រមូលទិន្នន័យនាពេលនេះ ធ្វើឡើងដើម្បីទុកជាប្រយោជន៍ដល់ការលើកទឹកចិត្ត ចំពោះមន្រ្តីរាជការ ពោលគឺដើម្បីកំណត់ឲ្យបាននូវភាពឆកល្វែង ដោយប្រការណាមួយ ព្រមទាំងឈានទៅកែតម្រូវធ្វើនិយ័តកម្ម និងតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។
លោក ស៊ុម សុខម្ភូ បានបន្តថា ក្រុមការងារចំពោះកិច្ចនឹងធ្វើការផ្សព្វផ្សាយ និងណែនាំអំពីការងារទាំងនេះជូនដល់គ្រប់មន្ត្រីរាជការទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារចំណុះឱ្យក្រសួងមហាផ្ទៃទូទាំងប្រទេស។ លោកបានស្នើសុំឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌនិងឃុំសង្កាត់ទាំងអស់ចូលរួមសហការណែនាំបន្តជូនដល់មន្រ្តីរាជការក្រោមឱវាទ ដោយរៀបចំបង្កើតឲ្យមានក្រុមការងារចំពោញកិច្ចតាមខេត្តរបស់ខ្លួន ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងដោះស្រាយចម្ងល់ រួចបូកសរុបលទ្ធផលបញ្ជូនមកក្រុមការងារចំពោះកិច្ចពិនិត្យនិងវាយតម្លៃ តាមបែបបទ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។