(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារស្រុក អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុមការងារឃុំរស្មី នាំយកអំណោយសង្រ្គោះបន្តាន់របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ១គ្រួសារ រស់នៅភូមិដំណាក់ចិន ឃុំរក្សា ដែលរងគ្រោះដោយសាររន្ទះបាញ់ដំបូលផ្ទះបណ្តាលឱ្យរងការខូចខាតមួយចំនួន។
នៅក្នុងឱកាសនេះដែរ លោក ហោ ប៊ុនហួរ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ ចំពោះហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឱ្យខូចខាតដំបូលផ្ទះ ប៉ុន្តែទោះជាយ៉ាងណាក៏មិនបណ្តាលឱ្យសមាជិកគ្រួសារណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។
លោក ហោ ប៊ុនហួរ ក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលររដ្ឋរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។
ជាក់ស្តែងថ្ងៃនេះបន្ទាប់ពីទទួលដំណឹងថាមានបងប្អូនប្រជាពលរដ្ឋយើង រងគ្រោះដោយសារគ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឱ្យខូចខាតដំបូលផ្ទះ កាកបាទក្រហមកម្ពុជាបាននាំអំណោយសង្គ្រោះបន្ទាន់យកមកប្រគល់ជូនភ្លាមៗ ដែលមានថវិកា ២៧០,០០០រៀល អង្ករ១បេ មី១កេស ទឹកសុីអុីវ១យួរ និងសម្ភារមួយចំនួនទៀត។
លោកក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងហេតុការណ៍មានករណីគ្រោះធម្មជាតិកើតឡើង និងត្រូវរក្សាអនាម័យក្នុងគ្រួសារដោយត្រូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារពីជំងឺផ្សេងៗ៕