(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសម្រេចយកក្បាច់គុន «ល្បុក្កតោ» ធ្វើជាកីឡាមួយប្រភេទ ទៅដាក់ក្នុងកម្មវិធីសិក្សាក្រៅម៉ោង ដើម្បីជួយលើកស្ទួយមរតកវប្បធម៌អរូបីខ្មែរ និងឲ្យកូនខ្មែរចេះក្បាច់គុននេះកាន់តែច្រើន។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។
បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី «ល្បុក្កតោ» គឺជាកីឡាមួយប្រភេទ ដែលលោកនឹងយកទៅដាក់ក្នុងកម្មវិធីសិក្សាក្រៅម៉ោង សម្រាប់ស្ថាប័នអប់រំរបស់លោក ព្រោះថានេះជាក្បាច់គុនបុរាណខ្មែរតែមួយគត់ ដែលទទួលស្គាល់ទូទាំងពិភពលោក។ ក្នុងនាមលោកជាប្រធានកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា គឺលោកពិតជាចង់ឃើញក្បាច់គុនរបស់ខ្មែរ កាន់តែរីកចម្រើនថែមទៀត។
ថ្លែងពេលសម្ពោធជាផ្លូវការនូវសាខាថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសែនសុខ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញក្តីសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មី នឹងប្រឹងប្រែងរៀបចំដាក់បញ្ចូល «ល្បុក្កតោ» ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋផងដែរ។
អ្នកឧកញ៉ា ក៏បានបង្ហាញចក្ខុវិស័យថា លោកនឹងបង្កើតឲ្យមានកីឡាជាច្រើននៅស្ថាប័នអប់រំឯកជនរបស់លោក មានទាំងបាល់ទាត់ បាល់ទះ តេខ្វាន់ដូ ហែលទឹក និង Gym (កន្លែងហាត់ប្រាណ) ជាដើម ព្រោះកីឡាផ្សារភ្ជាប់នឹងការអប់រំ។ នៅពេលមនុស្សលេងកីឡា និងទទួលបានការសិក្សាត្រឹមត្រូវ ពួកគាត់មិនមានពេលទៅប្រព្រឹត្តិអំពើអបាយមុខ នោះឡើយ។
សូមជម្រាបថា «ល្បុក្កតោ» ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។
ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕