(ភ្នំពេញ)៖ របបថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល គឺជាសេវាគាំពារសង្គមថ្មីមួយទៀត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលកំពុងបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្កាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ព្រមទាំងអ្នកដែលបម្រើសេវាកម្សាន្តឯកជននៅតាមសួនជាដើម ឱ្យទទួលបាននូវការថែទាំសុខភាព និងព្យាបាលជំងឺដោយគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីររដ្ឋនានានៅទូទាំងប្រទេស។
ការសម្រេចដាក់ចេញឱ្យអនុវត្តនូវរបបថែទាំសុខភាព សម្រាប់អ្នកបម្រើការងារក្នុងបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងមធ្យ័តអំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។
តាមរយៈការផ្តល់ការគាំពារសង្គម ដល់អ្នកបម្រើការងាក្នុងវិស័យសេវាកម្សាន្តនេះ រដ្ឋាភិបាលនឹងផ្តល់បណ្ណ «មូលនិធិសមធម៌សុខាភិបាល» ឬហៅកាត់ថា បណ្ណ ម.ស.ស ឬបណ្ណ ប.ស.ស ពណ៌លឿង ដោយមិនតម្រូវឱ្យបង់ថវិកាវិភាគទាន ប្រចាំខែនោះឡើយ។
លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងថា ការដាក់ឱ្យអនុវត្តនូវរបបថែទាំសុខភាពថ្មីនេះ មានគោលបំណងធានានូវសន្ដិសុខប្រាក់ចំណូល និងកាត់បន្ថយការចំណាយជាអតិបរមា ទៅលើការព្យាបាលសុខភាពរបស់ប្រជាជនកម្ពុជា សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា ដើម្បីកុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺ ខណៈអ្នកធ្វើការក្នុងវិស័យនេះ ជាពិសេសស្រ្តី ងាយប្រឈមនឹងការកើតជំងឺឆ្លងផ្សេងៗ ដែលត្រូវចំណាយច្រើន ទៅការថែទាំសុខភាព និងការព្យាបាលរាល់ពេលមានជំងឺទៅមន្ទីរពេទ្យម្តងៗ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥% បានចំណាយថវិកាផ្ទាល់ខ្លួន ទៅលើការព្យាបាលជំងឺ ដែលស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។
លោកបន្តថា ចំពោះការអនុវត្តនូវកម្មវិធីថែទាំសុខភាព សម្រាប់បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តនេះ នឹងបែងចែកជាពីរ ក្នុងនោះសម្រាប់អ្នកមានជីវភាពសមរម្យទទួលបាន បណ្ណ ម.ស.ស ដែលយកប្រើប្រាស់ពេលទៅព្យាបាលជំងឺដោយគិតថ្លៃ ប៉ុន្តែសម្រាប់បុគ្គលដែលជីវភាពលំបាក រដ្ឋាភិបាលនឹងផ្តល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលពួកគាត់អាចនឹងទទួលបានអត្ថប្រយោជន៍ លើសពីការទៅព្យាបាលដោយគិតថ្លៃ។
លោកបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អ្នកដែលកំពុងបម្រើការងារ ក្នុងវិស័យសេវាកម្សាន្ត ជាពិសេសស្រ្តីដែលបម្រើសេវាកម្សាន្តឯកជន នៅតាមទីតាំងផ្សេង សូមទៅចុះឈ្មោះ ដើម្បីទទួលបានបណ្ណ ម.ស.ស នេះ សម្រាប់ប្រើប្រាស់ក្នុងព្យបាល បានសុខភាពដោយឥតគិតថ្លៃ។
តាមតួលេខបឋម ដែលបង្ហាញដោយ ក្រុមប្រឹក្សាជាតិគាំពារសង្គម បច្ចុប្បន្ននេះអ្នកបម្រើការងារ ក្នុងវិស័យសេវាកម្មកម្សាន្តមានប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេស។
អ្នកស្រី អ៊ឹម និត មានវ័យ៥៦ឆ្នាំ បច្ចុប្បន្នបម្រើការងារនៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងខណ្ឌដូនពេញ បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តកម្មវិធីថែទាំសុខភាព សម្រាប់បុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ដែលបានជួយសម្រាលបន្ទុកការចំណាយមួយផ្នែកធំសម្រាប់អ្នកធ្វើការក្នុងវិស័យ។
មិនខុសគ្នាដែរ ស្រ្តីវ័យ៤២ម្នាក់ទៀត ដែលបានទៅចុះស្នើសុំបណ្ណ ម ស ស បានលើកឡើងថា បណ្ណនេះមានអត្ថប្រយោជន៍ខ្លាំង សម្រាប់អ្នកដែលធ្វើការក្នុងវិស័យផ្តល់សេវាកម្សាន្ត ព្រោះរាល់ដងពេលទៅព្យាបាលជំងឺម្តងៗ ត្រូវចំណាយថវិកាអស់យ៉ាងច្រើន។
លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា កម្មវិធីថែទាំសុខភាពសម្រាប់បុគ្គលបម្រើការ ក្នុងវិស័យសេវាកម្សាន្ត គឺជាគោលនយោបាយជាតិមួយដែលមានសារៈសំខាន់ និងដាក់ចំគោលដៅ ចំពោះក្រុមពលរដ្ឋដែលស្ថិតក្នុងវិស័យនេះ ព្រោះពួកគាត់ជាក្រុមប្រជាពលរដ្ឋ ដែលងាយរងហានិភ័យក្នុងការធ្លាក់ចូល ទៅក្នុងភាពក្រីក្រ ដោយសារការមានជំងឺផ្សេងៗ។
លោកបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងវិស័យនេះ ងាយនឹងឆ្លងនូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺអេដស៍ ដែលបណ្តាលឱ្យពួកគេងាយកើតមានជំងឺឱកាសនិយមផ្សេងៗ ដូចជាជំងឺរបេង រលាកសួត រលាកស្រោមខួរ និងរាគរួសរ៉ាំរ៉ៃជាដើម។ នៅពេលដែលពួកគេប្រឈមនឹងជំងឺទាំងអស់នេះ នឹងមិនអាចចេញទៅធ្វើការ រកចំណូលបានទៀតនោះទេ ហើយត្រូវចំណាយច្រើនទៅលើការថែទាំ និងព្យាបាលជំងឺទៀតផង។
លោកបន្តថា កម្មគាំពារសង្គមនេះ ពិតជាបានជួយសម្រាលជីវភាពបានមួយចំណែកធំសម្រាប់ពួកគាត់ ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពទៅទទួលសេវាថែទាំសុខភាពកាន់តែប្រសើរជាងមុន។ ជាពិសេសតាមរយៈគោលនយោបាយគាំពារសង្គមមួយនេះនឹង នឹងជួយឈានទៅសម្រេចបានការកាត់បន្ថយការចម្លងជំងឺអេដស៍នៅកម្ពុជា។
តាមរយៈប្រកាសអន្តរក្រសួង ដែលបានចេញផ្សាយកាលពីពេលថ្មីនេះៗ រាជរដ្ឋាភិបាលតម្រូវឱ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសហគ្រាស ឬគ្រឹស្ថានរបស់ខ្លួន ហើយត្រូវបញ្ជូន ទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ សម្រាប់ផ្ទៀងពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជី។
ក្នុងការទទួលសេវាសុខាភិបាល បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយអនុវត្តតាមប្រប្រព័ន្ធផ្ដល់សេវា ពីថ្នាក់បឋមនៅមូលដ្ឋានសុខាភិបាលថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ជាង លើកលែងតែក្នុងករណីសង្រ្គោះបន្ទាន់ប៉ុណ្ណោះ។
ដោយឡែក បុគ្គលបម្រើការងារដែលមិនស្ថិតក្រោមកិច្ចសន្យាការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានសិទ្ធិដាក់ពាក្យស្នើសុំបណ្ណមូលនិធិសមធម៌សុខាភិបាលដោយផ្ទាល់ ទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ សម្រាប់ផ្ទៀងពីភាពត្រឹមត្រូវ មុននឹងស្នើទៅ ប.ស.ស. ដើម្បីចុះបញ្ជី៕