(សៀមរាប)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «អ្វីៗដើមី្បប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ក្រោមវត្តមានលោកឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប។
ពិធីនពេះក៏មានការចូលរួមពីលោកអភិបាលរងខេត្តកំពង់ធំ ព្រះវិហារ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
បើតាមសេចក្តីរាយការណ៍លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឡើងអានរបាយការណ៍គ្រឿងញៀនដែលបានរឹបអូសយកមកពីសាលាដំបូងទាំង៣ខេត្ត ត្រូវធ្វើការដុតបំផ្លាញនាថ្ងៃនេះ មានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) និងប្រភេទមេតំហ្វេតាមីន (WY) ស្មើនឹង ១២៨គីឡូក្រាម។
បន្ទាប់ពីលោក ពិន ប្រាកដ បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោកឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានលើកឡើងពីគោលបំណងនៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមកឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកក៏បានលើកអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ចំពោះក្រុមឧក្រិដ្ឋជន ដែលបានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន ដែលបានទៅព្យាបាលជំងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើមី្បសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏មិនឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់នោះឡើយ។
លោកឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា កន្លមករាជដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្នប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង និងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត។
លោកឧត្តមសេនីយ៍ ក៏បានផ្ញើសារអប់រំដល់ក្មួយៗសិស្សានុសិស្ស និងយុវជនកម្ពុជាទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ សង្គមជាតិ។ យុវជនដែលល្អចេះស្រឡាញ់ខ្លួន ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងចូលរួមគាំទ្រកំចាត់គ្រឿងញៀនផងដែរ៕