(ភ្នំពេញ)៖ ស្នាដៃទី២ របស់ផលិតកម្ម «Z Entertainment» ដែលជាប្រភេទរឿងបែបអភិនិហា ដឹងជាតិរបស់តួអង្គប្រុសស្រី មានចំណងជើងថា «អមតៈ» បានប្រារព្ធកម្មវិធីបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ ខណៈរឿងនេះកំពុងតែស្ថិតក្នុងភាពចម្រូងចម្រាសគ្នា រវាងអ្នកនិពន្ធរឿង និងចាងហ្វាងផលិតកម្ម «Z Entertainment» ពោលគ្រាន់តែសម្ពោធបញ្ចាំង បានរយៈពេលមួយថ្ងៃភ្លាម ក៏ផ្ទុះកូដកម្មតវ៉ា ពីសំណាក់មនុស្សមួយក្រុម ដឹកនាំដោយលោក សាន សេកសុខុម ដែលអះអាងថា ផលិតកម្មនេះ មិនបានគោរពសិទ្ធិអ្នកនិពន្ធ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការ ក្រោមវត្តមានអ្នកសិល្បៈល្បីៗជាច្រើន និងក្រោមវត្តមានលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនិយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លៀង ខេងហេង ចាងហ្វាងផលិតកម្ម «Z Entertainment» និងជាផលិតករ ផងនោះ មានប្រាប់ឲ្យដឹងថា រឿង អមតៈ ជាប្រភេទភាពយន្តថ្មីមួយទៀត ដែលមានឈុតឆាកអភិនិហា ជាច្រើន ដែលជាលក្ខណៈខុសប្លែកពីរឿងដទៃ នឹងធ្វើឲ្យអ្នកគាំទ្រ ទស្សនាជក់ចិត្តដិតអារម្មណ៍!»។
លោកបន្តថា ភាពយន្តនេះ បានចំណាយពេលថត និងចាយទុនអស់ប្រមាណ ជាង៧ម៉ឺនដុល្លារ ដើម្បីឲ្យផ្ទៃរឿងមានគុណភាពល្អ ដោយសាររឿងបាននិយាយ ពីតួឯកស្រីបង្ហាញការតស៊ូរង់ចាំស្នេហាស្មោះ រហូតដល់៥០០ឆ្នាំ នៅក្នុងប្រាសាទ ហើយទីបំផុតស្នេហ៍ស្មោះស្ម័គ្រនោះ ពិតជាបានជួបដូចបំណង ប៉ុន្តែក៏បាននាំមកនូវបញ្ហា និងអហ្ភូហេតុអភិនិហាផ្សេងៗទៀត ជាច្រើនផងដែរ។ រឿងនេះ លោកសង្ឃឹមថា នឹងទទួលបានជោគជ័យ ព្រោះត្រូវបានសម្រិតសម្រាំងឡើងយ៉ាងល្អ ទាំងតួសម្ដែង ទីតាំងថត ប្លង់ថត និងសាច់រឿង។
ដោយឡែក ពាក់ព័ន្ធជាមួយនឹងការកើតទុក្ខមិនសុខចិត្ត របស់អ្នកនិពន្ធលោក សាន សេកសុខុម ដែលបានចោទថា ផលិតកម្ម មិនបានគោរពកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ រហូតផ្ទុះការតវ៉ានៅពេលចាក់បញ្ចាំងនេះ ត្រូវបានលោក លៀង ខេងហេង បានបង្វែសំណួរឲ្យសួរទៅលោក ជា ឌីណាង ដែលជាអ្នកគ្រប់គ្រងទូទៅ ក្នុងការផលិតកម្ម ដើម្បីធ្វើការបកស្រាយ។
លោក ជា ឌីណាង បាននិយាយថា ផលិតកម្ម «Z Entertainment» នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក សាន សេកសុខុម ដែលបានបំពាន លាបពណ៌ផលិតកម្មទាំងគ្មានការពិត ដោយប្ដឹងពី បទបរិហារកេរ្តិ៍ផលិតកម្ម។ ផលិតកម្មមិនបានលួចចម្លងកម្មសិទ្ធិបញ្ញា របស់លោក សាន សេកសុខុម នោះឡើយ។ ផលិតកម្មកំពុងតែពិចារណា ចំពោះទង្វើរបស់លោក សាន សេកសុខុម ដែលបានបំភ្លៃការពិតឲ្យទស្សនិកជន ភ័ន្តច្រឡំចំពោះផលិតកម្ម «Z Entertainment» ហើយនឹងមានវិធានការចំពោះបុគ្គលនេះ ក្នុងពេលឆាប់ៗនេះ ។
លោកបន្ថែមថា តាមការពិត លោក សាន សេកសុខុម បានបោះបង់ការងារចោល តាំងចាប់ផ្ដើមថតរឿង «ល្បុក្កតោចម្លែក»មកម្ល៉េះ ហើយលោកបានខលហៅឲ្យត្រឡប់មកវិញ ចំនួន២ទៅ៣ដងមកហើយ តែលោក សាន សេកសុខុម មិនព្រមមក។ ជាមួយគ្នានេះ ផលិតកម្មមិនអាចបណ្ដែតបណ្ដោយចាំ មនុស្សពីរបីនាក់រហូតខូចខាតការផលិតកុន តាមគម្រោងបានឡើយ។ ប៉ុន្តែពេលសមិទ្ធផលនេះ បានចេញជាផ្លែផ្កា បែរជាមកឡាំប៉ាចង់បានទាំងបំពាន ដូច្នេះលោកមិនអាចយល់ព្រមដូចគ្នា។
លោក ជា ឌីណាង បានបន្តទៀតថា លោកសូមទទូចដល់ទស្សនិកជន មេត្តាពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿលង់ទៅលើអ្វីមួយ ជាពិសេសការតវ៉ានេះ ថាតើនរណាខុស នរណាត្រូវ ដោយសូមឲ្យមានការថ្លឹងថ្លែងឲ្យបានច្បាស់ ព្រោះលោក សាន សេកសុខុម ក៏មានកំហុសឆ្គងច្រើនមកហើយដែរ កាលលោកនៅបំពេញការងារ ជាមួយនឹងផលិតកម្ម «Z Entertainment »៕
លោក សាន សេកសុខុម