(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារថ្នាក់ស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន ចុះជួបសំ ណេះសំណាល ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងបានចែកជ្រក់ទំពាំងជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលស្រុក ក៏បានលើកឡើងថា ការអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ គឺប្រជាពលរដ្ឋយើងបានបោះ ឆនោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ដែលបានធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតនេះភ្លូកទឹកភ្លូកដី រហូតទទួលបានអាសនៈរដ្ឋសភាចំនួនន ១២០អាសនៈ ក្នុងចំណោម១២៥អាសនៈរបស់រដ្ឋសភាជាតិ ដូចនេះហើយទើបគណបក្សប្រជាជនកម្ពុជាយើងមានលទ្ធភាពក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មី ដែលថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិទី៧នេះ ភាគច្រើនគឺប្រសូត្រចេញពីក្រុមយុវជនដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងការបន្តវេនដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើននូវគ្រប់វិស័យ និងបន្តថែរក្សាការ ពារសុខសន្តិភាពជូនប្រជាពលរដ្ឋយើងជាបន្តទៀត។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា រីឯបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មីនេះផងដែរ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ចាត់តាំងជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ហេតុនេះប្រជាពលរដ្ឋនឹងបន្តរស់ក្រោមដំបូលសន្តិភាពជាបន្តទៀត ពិសេសប្រទេសជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានការរីកចម្រើនទាំងយើង និងកូនចៅជំនាន់ក្រោយ និងបានសម្បូរសប្បាយតទៅថ្ងៃអនាគតខាងមុខផងដែរ។
លោកបញ្ជាក់បន្ថែមថា នៅក្នុងឃុំផ្លូវទូកនេះគឺជាឃុំមួយដែលរស់នៅដាច់ស្រយាលពីទីប្រជុំជនរហូតដល់ជាង ៣០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។កន្លងមកប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរតាមផ្លូវគោក បើចង់ចេញចូលមកកាន់ទីផ្សារនៅក្នុងស្រុកកំពង់លែងត្រូវធ្វើដំណើរតាមផ្លូវទឹក តែបច្ចុប្បន្ននេះយើងមានផ្លូវលំមួយខ្សែចេញពីឃុំច្រណូកមកកាន់ឃុំផ្លូវទូក ហេតុនេះប្រជាពលរដ្ឋយើងអាចធ្វើដំណើរ ឬក៏ដឹកកសិផលផ្សេងៗតាមផ្លូវគោកបាន តែក៏នៅជួបបញ្ហាបន្តិចបន្តួចនៅរដូវទឹកឡើងដែលធ្វើឲ្យជំនន់ទឹកទន្លេហូរកាត់ផ្ដាច់ផ្លូវជាអន្លើៗដែលនាំឲ្យមានការ ពិបាកក្នុងការធ្វើដំណើរខ្លះៗក្នុងរដូវវស្សា។
តែទោះជាយ៉ាងនេះក្តីក៏ថ្នាក់ដឹកនាំរបស់យើងកំពុងតែខិតខំដោះស្រាយជាបន្តទៀត ដើម្បីធ្វើយ៉ាងណាបង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវលំខាងលើនេះផងដែរ។ ចំណែកភ្លើងអគ្គិសនីប្រើប្រាស់វិញបច្ចុប្បន្ននេះក៏ខាងក្រុមហ៊ុនភ្លើងអគ្គិសនីក៏កំពុងតែបោះបង្គោលចេញពីឃុំច្រណូក មកកាន់ឃុំផ្លូវទូក រួចរាល់ហើយដែរ នៅរដូវប្រាំ ងខាងមុខនេះ ក្រុមហ៊ុនភ្លើងអគ្គិសនីនឹងតបណ្ដាញខ្សែភ្លើ ងចូលសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើងបានប្រើប្រាស់ហើយ។
សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខាងលើនេះ លោកអភិបាលស្រុក និងក្រុមការងារក៏បាននាំយកជ្រក់ទំពាំងមកផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៣៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានជ្រក់ទំពាំងមួយកែវផងដែរ៕