(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

កិច្ចចុះអនុស្សរណៈនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចឱ្យបានទៅដល់សិស្ស-និស្សិត នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា កាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងសិស្ស-និស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។

នាឱកាសពិធីនេះ ក៏មានការចូលរួមផ្តល់បទបង្ហាញស្តីពីបរធនបាលកិច្ចសម្រាប់ការអប់រំ ដោយលោក រិន រដ្ឋា អនុប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចផងដែរ៕