(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសំរោង ព្រមទាំងលោកគ្រូចៅអធិការវត្តផៃផាត់តាណា ហៅវត្តលោកតាសួង និងសិស្សគុណសរុបជាង១០០នាក់ មកពីស្រុកភូសុីង ខេត្តសុីសាកេត ប្រទេសថៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះបាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន ២៩វត្ត នៅទូទាំងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ បានលើកឡើងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថា ព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តឧត្តរមានជ័យ ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
លោក ប៉ែន កុសល្យ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លង ទៅមានចំនួនច្រើន ហើយបានផ្តល់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អសនៈ លើ១២៥អសនៈនៅក្នុងសភា។ លោកអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត ពិសេសគាំទ្រលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ៕