(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ "ក" មន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៨៩១នាក់ ដោយក្រសួងជ្រើសរើសមន្រ្តីថ្មីតែចំនួន២០នាក់ប៉ុណ្ណោះ។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើជំនាញសំខាន់ៗចំនួន៩ផ្សេងគ្នា មានដូចជា រដ្ឋបាល នីតិសាស្រ្ត គ្រប់គ្រង ព័ត៌មានវិទ្យា សេដ្ឋកិច្ច អក្សរសាស្រ្តភាសាបរទេស ធនាគារនិងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៣នេះ ត្រូវបានចែកចេញជា២វិញ្ញាសា គឺចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលប្រឡង២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល១ម៉ោង៣០នាទី។

ការប្រឡងនេះដែរមានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕