(ក្រចេះ)៖ លោក សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការរៀបចំវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយពាក់ព័ន្ធ និងការងារអធិការកិច្ចដើម្បីបណ្ដុះបណ្ដាល ចែករំលែក និងបទពិសោធន៍ និងផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្ត និងវិស័យមុខងារសាធារណះពិសេសពាក់ព័ន្ធ និងការគ្រប់គ្រងមន្រ្តីរាជការ ដែលរួមចំណែក អនុវត្តន៍វិស័យការងារមុខងារសាធារណៈ ជាមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តន៍ច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រាប់មន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកបានថ្លែងថា ទន្ទឹមនឹងនេះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្នុងគោលបំណង និងគោលដៅសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យមុខងារសាធារណៈ ដោយជំរុញនិងបង្កើនប្រសិទ្ធភាព គុណភាព និងគុណតម្លៃការងារ ពិសេសការកាត់បន្ថយភាពអសកម្ម និងវិវាទរបស់មន្រ្តីរាជការនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការលើកបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីលោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងមន្រ្តីរាជាការពាក់ព័ន្ធមុខងារសាធារណៈប្រមាណជាង ៣៣០នាក់។

លោកបានបន្តទៀតថា ចំពោះការធ្វើអធិការកិច្ច ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈនេះផងដែរ ក៏មានបញ្ហាប្រឈមមួយចំនួន គឺមន្ត្រីនៅថ្នាក់មូលដ្ឋានមានការយល់ដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទើបក្រសួង និងមន្ទីរបានរៀបបានចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីឱ្យមន្ត្រីធ្វើអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធយល់ដឹងកាន់តែច្បាស់អំពីការធ្វើកិច្ចការងារនេះឱ្យទទួលបានជោគជ័យ និងទៅដោយរលូន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមជាប្រធានអង្គភាព ស្ថាប័ន ត្រូវចេះបែងចែក តួនាទីភារកិច្ចដល់មន្ត្រីអនុវត្តតាមការិយាល័យនីមួយៗឱ្យត្រូវទៅតាមជំនាញ គឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការសម្រួលលើការងាររបស់អង្គភាព ជាពិសេសគឺដើម្បីងាយស្រួលធ្វើអធិការកិច្ចវាយតម្លៃការតែងតាំងតួនាទីមន្រ្តីរាជការ។

លោកបានបន្ថែមថា មន្ត្រីរាជការ ត្រូវស្មោះត្រង់ជាមួយវិជ្ជាជីវះ ស្មោះត្រង់ជាមួយថ្នាក់ដឹកនាំ ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ពង្រឹងវិន័យ អនុវត្តន៍តួនាទីភារកិច្ចឱ្យបានល្អ បើស្នេហាជាតិត្រូវតែធ្វើជាមន្ត្រីអនុវត្តការងារ តាមតួនាទីទៅតាមរដ្ឋបាល និងប្រធានអង្គភាពរបស់ខ្លួនណែនាំឱ្យបានល្អប្រសើរទៅមិនមែនស្នេហាជាតិនៅលើមាត់ថានោះទេ៕