(ភ្នំពេញ)៖ ក្រោយឆ្លងកាត់ការប្រឡងដំណាក់កាលដំបូងកន្លងទៅ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ដំណាក់កាលទី២ ដើម្បីជ្រើសរើសមន្ត្រី១០០នាក់ក្នុងចំណោមបេក្ខជន១៧៨នាក់ ឱ្យចូលបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។
មុននឹងចាប់ផ្តើមដំណើរការនៃការប្រឡងលើកទី២នេះដែរ ពោលគឺនៅពេលព្រឹក លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោក នា សុផន ប្រធាននាយកដ្ឋានបុគ្គលិក តំណាងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ បានចុះពិនិត្យលើការងារចេញវិញ្ញាសារបស់គណៈកម្មការចេញវិញ្ញាសានីមួយៗ ដែលបានរៀបចំធ្វើឡើងភ្លាមៗនៅក្នុងថ្ងៃប្រឡងនេះតែម្តង ដោយពុំមានការធ្វើវិញ្ញាសាទុកជាមុនឡើយ។ បន្ទាប់មកគណៈកម្មការរៀបចំការប្រឡងបានរៀបចំកំណត់សំណួរក្នុងវិញ្ញាសា និងបានចាប់វិញ្ញាសាសម្រាប់ដាក់ឱ្យបេក្ខជនប្រឡងនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។
តមកនៅរសៀលថ្ងៃទី១៨ដដែល លោក ង៉ឺយ ធឿន តំណាងលោក យក់ ប៊ុនណា និងលោក នា សុផន តំណាងលោក ណាត ប៊ុនរឿន បានអញ្ជើញកាត់វិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ដំណាក់កាលទី២ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នាមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងលើកទី២នេះ ប្រព្រឹត្តទៅចាប់ពីម៉ោង១៖០០នាទីរសៀល រហូតដល់ម៉ោង៤៖០០នាទី និងចាប់ពីម៉ោង៤៖៣០នាទី រហូតដល់ម៉ោង៦៖០០នាទីល្ងាច។ បេក្ខជនត្រូវធ្វើវិញ្ញាសាសរសេរមុខវិជ្ជាជំនាញដែលបានជ្រើសរើស (រយៈពេល៣ម៉ោង) និងវិញ្ញាសាភាសាបរទេសដែលបានជ្រើសរើស(រយៈពេល១៖៣០នាទី)។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសនេះហើយ បេក្ខជននឹងទទួលការបណ្តុះបណ្តាលពីសាលាភូមិន្ទរដ្ឋបាល មុននឹងចូលបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំចំនួន១០០កន្លែង (ក្របខណ្ឌប្រភេទ «ក»)៕