(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំយកថវិកាសប្បុរសធម៌ ចំនួន១០៥,៤៥៦ដុល្លារ ប្រគល់ជូនលោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។

ថវិកានេះបានមកពីការចូលរួមឧបត្ថម្ភពីសហការីកងកម្លាំងនគរបាលជាតិដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានា។

លោក ជា សុមេធី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលថវិកាវិភាគទាន ៨ ឧសភា ឆ្នាំ២០២៣ ពីសប្បុរសជន មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង១៣។ លោក បានបន្តថា ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងក្នុងនាមលោកផ្ទាល់ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានលោក-លោកស្រី អ្នកនាង កញ្ញា សមាជិក សមាជិកា នៃអង្គពិធីដែលបានអញ្ជើញចូលរួមនាឱកាសនេះ។

លោក ជា សុមេធី បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជានិយាយជារួម និយាយដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។

លោក សន្យានឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចូលរួមថវិកាជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចំនួន១២លើក គិតចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២៣នេះ ជាខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ដែលគិតជាថវិកាសរុបចំនួន ១,៣៩៧,៥៨៤.២២ដុល្លារ៕