(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ សមាជិកបក្សភូមិ បក្សឃុំ បក្សស្រុក ប្រធាន-អនុប្រធានក្រុមITឃុំទាំង១០ និងប្រធាន-អនុប្រធានយុវជន ស.ស.យ.ក ឃុំទាំង១០ សរុប៤៥០នាក់។
ឆ្លៀតឱកាសនោះ លោក ម៉ា ឈឿន និងលោកស្រីបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន សមាជិក សមាជិការគណបក្សប្រជាជនស្រុកជើងព្រៃទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក៏អរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ដែលបានការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃការបោះឆ្នោតរហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ដែលគណបក្សប្រជាជនទទួលបានសម្លេងឆ្នោតច្រើនជាងគណបក្សដទៃ។
បន្ទាប់មកទៀត លោក ម៉ា ឈឿន និងលោកស្រី ក៏បានជូនថវិកាដល់អ្នកចូលរួមទាំងអស់ដោយទទួលបានក្នុងម្នាក់ ថវិកា៥ម៉ឺនរៀល និងសារុង១ កងកម្លាំង៥០នាក់ ពេទ្យ៤នាក់ ទទួលបានថវិកា៤ម៉ឺនរៀល និងសារុង១ និងចំណោយផ្សេងៗសរុបអស់ថវិកាចំនួន ៣៣,៤០០,០០០រៀល៕