(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ការប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាពេលនេះ សុទ្ធតែជាអ្នកបន្តវេន និងជាកម្លាំងចលករវ័យក្មេង។ ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច ត្រូវប្រឈមមុខរ៉ាប់រង នូវទំនួលខុសត្រូវកាន់តែខ្ពស់ជាងមុនដែរ។
ការប្រកាសតែងតាំង ក្នុងរចនាសម្ព័ន្ធរបស់ក្រសួងនៅថ្ងៃនេះ គឺជាការស្តែងចេញពីភាពជោគជ័យ និងបោះជំហានទៅមុខមួយដំណាក់កាលទៀត នៃក្រសួងសង្គមកិច្ច ក៏ដូចជាវិស័យសង្គមកិច្ច និងក៏ជាឧត្តមប្រយោជន៍របស់ បណ្តា្កក្រុមជនគោលដៅ ។
លោករដ្ឋមន្រ្តីបានបន្ថែមថា បើទោះយ៉ាងណា មិនមែនយកតំណែងជាសំខាន់ទេ ប៉ុន្តែគឺយកប្រសិទ្ធភាព និងទំនួលខុសត្រូវតួនាទីភារកិច្ចការងាររបស់ខ្លួន និងស្ថាប័ននីមួយៗជាកត្តាសំខាន់។
លោកបានសង្កត់ធ្ងន់ថា បណ្តាស្ថាប័ន និងមន្ត្រីទាំងអស់ចងចាំថា តទៅនេះយើងមានទំនួលខុសត្រូវកាន់តែខ្ពស់ កាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាកម្មជូនបណ្តាជនគោលដៅឱ្យកាន់តែមានប្រសិទ្ធភាព ឱ្យពួកគាត់កាន់តែងាយទទួលបានសេវាផលប្រយោជន៍ និងកាន់តែទូលំទូលាយថែមទៀត ដើម្បី ឆ្លើយតបទៅនឹងក្តីរំពឹង និងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើដល់វិស័យសង្គមកិច្ចនៅកម្ពុជា៕